រាជធានីភ្នំពេញ៖ រថយន្តដឹកទំនិញមួយគ្រឿង បានបើកបរក្នុងល្បឿនលឿនជ្រុលទៅបុករ៉ឺម៉កម៉ូតូពីក្រោយ បណ្តាលអោយមានអ្នករងរបួសស្រាល២នាក់ និងរុញទៅបុកម៉ូតូសណ្តោងរ៉ឺម៉កម៉ូតូ១គ្រឿងទៀត ហើយរថយន្តបានរេចង្កូតធ្លាក់ចូលទៅក្នុងស្រះចិញ្ចឹមកូនត្រី កាលពីវេលាម៉ោង៣និង៤
១០នាទីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចស្រះចិញ្ចឹមកូនត្រីលក់យីហោ សុខ តាយ តាមផ្លូវជាតិលេខ៥ ក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយឃ្លុបពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-6001 បានធ្វើដំណើរតាមផ្លូវជាតិលេខ៥ក្នុងទិសដៅពីជើងទៅត្បូង ស្របទិសដៅគ្នាជាមួយរម៉កម៉ូតូ១គ្រឿង នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ បានជ្រុលទៅបុកពីក្រោយរ៉ឺម៉កម៉ូតូហើយរុញ ទៅបុករ៉ឺម៉កម៉ូតូមួយគ្រឿងទៀត ដែលកំពុងឈប់ចតតាមផ្លូវ បណ្តាលអោយអ្នកបើកបររ៉ឺម៉ក និងអ្នករួមដំណើរ រងរបួសស្រាល២នាក់។ បន្ទាប់ពីគ្រោះថ្នាក់រថយន្តបានរេចង្កូត ទៅខាងស្តាំដៃ ធ្លាក់ស្រះ ចិញ្ចឹមកូនត្រីលក់តែម្តង។
តៃកុងរថយន្តបានឲ្យដឹងថាមូលហេតុដែលកើតមានគ្រោះថ្នាក់នេះបណ្តាលមកពីរថយន្ត ជាប់ចង្កូត ក៏រេចង្កូត ធ្លាក់ស្រះតែម្តង។
ក្រោយពេលហេតុ ម្ចាស់រថយន្ត បានសម្របសម្រួល ជួយចេញថ្លៃព្យាបាលអ្នករងរបួសស្រាល២នាក់ចំនួន ៥០ដុល្លារ ដើម្បីបញ្ជប់រឿង ។ ដោយឡែក រម៉ូតូ១គ្រឿងទៀត ដែលកំពុងឈប់ចតបញ្ច្រាស់សុំរួចខ្លួន។ ពេលដោះស្រាយរួចម្ចាស់រថយន្តបានហៅរថយន្តមកស្ទួច យកទៅជួសជុលដោយខ្លួនឯង៕