សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ក្រោយយកដា.វកា.ប់បុរសម្នាក់ទៀត ស្ទើរដា.ច់ដៃម្ខា.ង
សន្តិសុខសង្គម
147

រាជធានីភ្នំពេញ​ ​៖ ​ជនសង្ស័យ​០១​នាក់​ប្រើប្រាស់​គ្រឿងញៀន​ ហើយ​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​បុរស​ម្នាក់​ដោយ​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​ជន​រង​គ្រោះ​ស្ទើរ​ដាច់​ដៃ​ម្ខាង​ ត្រូវបានកម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ័យ​ជំនះ​ ខណ្ឌដូនពេញ​ ចាប់​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក​នៅ​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​ ២០២១​ នៅ​ចំណុច​ភូមិ​០៩​ សង្កាត់​ជ័យ​ជំនះ​ ខណ្ឌដូនពេញ​។​

​ជន​ដៃដល់មាន​ឈ្មោះ​ ប៊ិ​ន​ កែវ​បញ្ញា​រិ​ទ្ធ​ ហៅ​ អា​ម៉​ល់​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ គ្មាន​មុខរបរ​ពិតប្រាកដ​ មាន​ទីលំនៅ​ផ្ទះ​លេខ​៥០E2​ ផ្លូវ​លេខ​១៥៤​ ក្រុម​២៨​ ភូមិ​៧​ សង្កាត់​ជ​យ័​ជំនះ​ ។

​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ជ័យ​ជំនះឲ្យ​ដឹង​ថា​ ជន​ដៃដល់​ប្រើប្រាស់​ថ្នាំ​ញៀន​តែងតែ​បង្ក​បញ្ហា​អសន្តិសុខ​ក្នុង​មូលដ្ឋាន​ ។​ កន្លង​មក​ធ្លាប់​បាន​ប្រើ​អំពើ​ហិង្សា​កាប់​ទៅ​លើ​ជនបរទេស​និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​០២​លើក​មក​ហើយ​ ។​ ដោយឡែក​ នៅ​ថ្ងៃ​ទី​១៣​ ខែកក្កដា​ ២០២១​ វេលា​ម៉ោង​ប្រហែល​៦​ល្ងាច​ ជន​រង​គ្រោះ​ឈ្មោះ​ តាំង​ អៀង​លី​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ បាន​ដើរ​ចេញពី​កន្លែងធ្វើការ​តាម​ផ្លូវ​លេខ​១៧២​ក្រោយ​វត្ត​ឧណ្ណាលោម​ ដើម្បី​ទៅ​រក​មិត្តភក្តិ​ ។​ ខណៈ​ដើរមក​ដល់​ចំណុច​ផ្លូវ​លេខ​១៥៤​ មាន​ច្រក​ឡើង​កាំជណ្តើរ​ទៅ​លើ​ជាន់​ទី​២​ អែប​ជញ្ជាំង​ផ្ទះ​លេខ​50E2​ ផ្លូវ​លេខ​១៥៤​ ក្រុម​២៨​ ភូមិ​៧​ សង្កាត់​ជ័យ​ជំនះ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ជន​រង​គ្រោះ​បាន​ឈរ​នៅ​កាំជណ្តើរ​ជាន់​ទី​២​ នៅ​ពេល​នោះ​ជនសង្ស័យ​ក៏​បាន​ដើរ​ចេញពីផ្ទះ​សំដៅ​រក​ជន​រង​គ្រោះ​ ហើយ​ឱ្យ​ជន​រង​គ្រោះ​ចុះ​ពី​ជណ្តើរ​ទៅ​ក្រោម​វិញ​ ប៉ុន្តែ​ជន​រង​គ្រោះ​មិន​ព្រម​ចុះ​ ពេល​នោះ​ជនសង្ស័យ​បាន​ដើរទៅ​ផ្ទះ​យក​ដាវ​មក​រក​ជន​រង​គ្រោះ​ម្តងទៀត​ និង​បាន​ប្រាប់​ឲ្យ​ជន​រង​គ្រោះ​ចុះ​ក្រោម​លើក​ទី​២​ ប៉ុន្តែ​ជន​រង​គ្រោះ​ឌឺ​មិន​ព្រម​ចុះ​ទៀត​ ជន​ដៃដល់​ក៏​ កាប់​ទៅ​លើ​ជន​រង​គ្រោះ​ត្រូវ​ដៃ​ខាងឆ្វេង​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ ហើយ​រត់គេច​ខ្លួន​ ។​

​ក្រោយ​ពី​កើតហេតុ​នោះ​ហើយ​ គ្រួសារ​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ ទើប​នៅ​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០២១​ កម្លាំង​ប៉ុស្តិ៍​នគរបាល​ជ​យ័​ជំនះ​បានឃើញ​ជនសង្ស័យ​ឈរ​កាន់​ដាវ​នៅ​ចំណុច​ផ្លូវ​លេខ​១៧២​ កែង​១៩​ ភូមិ​៩​ សង្កាត់​ជ​យ័​ជំនះ​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​រួម​ជាមួយ​ដាវ​យក​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ​យ័​ជំនះ​តែ​ម្តង​ ។​

​បច្ចុប្បន្ន​ កម្លាំង​នគរបាល​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​បន្ត​អនុវត្ត​តាម​នីតិវិធី​ ៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

 


Telegram