បន្ទាយមានជ័យ ៖ ម្ចាស់ផ្ទះស្លុតស្មារតី ខណៈអង្គុយមុខផ្ទះសុខៗ ស្រាប់តែឃើញអណ្តាតភ្លើងឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅ ផ្អើលអ្នកជិតខាងនាំគ្នាជួយពន្លត់ដែរ តែទំហំព្រះអគ្គីលេបត្របាក់ទៅហើយ ទម្រាំគ្រប់គ្រងអណ្តាតភ្លើងបាន ឆេះអស់ទៅហើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៣៥នាទី ថ្ងៃត្រង់ទី៤ ខែមីនា ឆ្នាំ២០២១ ស្ថិតភូមិស្រះរាំង ឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ញៀន សៀក ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានអង្គុយលេងនៅសំយ៉ាបមុខផ្ទះ ស្រាប់តែឃើញភ្លើងឆេះផ្ទះខាងលើស្រែកផ្អើលដល់អ្នកជិតខាងឲ្យជួយពន្លត់ តែភ្លើងឆេះខ្លាំងទៅហើយ ភ្លាមៗក៏មានរថយន្តពន្លត់អគ្គីភ័យ១គ្រឿងប្រើទឹកអស់២រថយន្ត ទើបរលត់ទៅវិញជាស្ថាពរ ដោយឆេះអស់ផ្ទះ១ខ្នង ខាងលើធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងក្តារ មានទំហំ៦ម៉ែត្រគុណ៨ម៉ែត្រអស់ទាំងស្រុង, ទូរទស្សន៍១គ្រឿង ,កង្ហារ៤គ្រឿង ,សំលៀកបំពាក់, ចានឆ្នាំង ,អង្ករ៧០គីឡូក្រាម, ប្រាក់ជិត០១ម៉ឺនបាត ,ខ្សែកមាស១តម្លឹង ប្លាកដៃប្លាទីន១ខ្សែទម្ងន់១តម្លឹង និងប្រាក់៤,៧៥០.០០០រៀល តែគ្មាននណាម្នាក់ រងរបួសនោះទេ៕

