បន្ទាយមានជ័យ ៖ អាវុធហត្ថខេត្តបន្ទាយមានជ័យ ធ្វើចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាអ្នកគ្រប់គ្រង គណនេយ្យ ក្រុមហ៊ុន ទិញ - លក់ ដី ឡូត៍ ក្រោយធ្វើសកម្មភាពលួចដកយកប្រាក់ពីក្រុមហ៊ុន ចំនួន២១,៩១០ដុល្លារ ចូលហោប៉ៅខ្លួនឯង។
ការចាប់ឃាត់ខ្លួននេះ យោងតាមពាក្យបណ្ដឹងចុះថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១ របស់ដើមបណ្ដឹងឈ្មោះ ពិត ភីគីម ហៅ ពិត ស្រួច ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្ដឹងលើករណី រំលោភលើទំនុកចិត្ត ដែលប្រព្រឹត្តកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ។
ជនរងគ្រោះបានបញ្ជាក់ថា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ខ្លួននិងឈ្មោះ សឿង សុភឿន ,ឈ្មោះ ហួត សំបូរ ,ឈ្មោះ ពិត សីហា និងឈ្មោះ និត វឌ្ឍនា បានរួមគ្នាបង្កើតក្រុមហ៊ុន លក់-ទិញ ដីឡូតិ៍ ហើយឈ្មោះ និត វឌ្ឍនា មានតួនាទីជាអ្នកគ្រប់គ្រងគណនីចំណូលចំណាយរបស់ក្រុមហ៊ុន ចាប់តាំងពីបើកក្រុមហ៊ុន រហូតដល់កំឡុងខែកញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុនបានបូកសរុបការងារ ស្រាប់តែបាត់ប្រាក់ចំណូល ចំនួន២១,៩១០ដុល្លារអាមេរិក។
ក្រោយស្រាវជ្រាវឃើញ ហើយថាជនសង្ស័យឈ្មោះ និត វឌ្ឍនា គឺជាអ្នកយកប្រាក់នោះហើយក៏មកដាក់ពាក្យបណ្ដឹងនៅ អ.ហ ខេត្តតែម្ដង។
ក្នុងនោះ នាយការិយាល័យជំនាញ បានចេញលិខិតកោះហៅឈ្មោះ និត វឌ្ឍនា ភេទប្រុស អាយុ៣៧ឆ្នាំ ឲ្យចូលខ្លួនមការការិយាល័យព្រហ្មទណ្ឌ អ.ហ ខេត្ត នៅវេលាម៉ោង៨និង៣០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ដើម្បីសួរនាំ ទើបសារភាពថា ខ្លួន ពិតជាបានដកយកប្រាក់ពីក្រុមហ៊ុនចំនួន២១,៩១០ ដុល្លារពិតមែន។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ធ្វើការឃាត់ខ្លួន និងនាំខ្លួនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ៕