រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលទាំងព្រឹកមួយបានកើតឡើង ដោយស្ត្រីម្នាក់ បានជិះម៉ូតូស្កុបពី តែម្នាក់ឯង លុះមកដល់ ក្រោមស្ពានក្បាលថ្នល់ មិនដឹងជាយ៉ាងម៉េច ស្រាប់តែឃើញដួលម៉ូតូសន្លប់ស្តូកស្តឹង បន្ទាប់ពីមានម៉ូតូ២គ្រឿងទៀតជិះមកក្បែរ ត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយ មកដឹកយកទៅសង្គ្រោះព្យាបាល នៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ១១និង១៥នាទីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចគល់ស្ពាន ក្រោមស្ពានក្បាលថ្នល់ក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះមានអាយុប្រហែល២៥ឆ្នាំ កំពុងជិះម៉ូតូស្កុបពី ពណ៌ស ស្លាកលេខ ភ្នំពេញ 1HZ-1248 តែម្នាក់ឯង តាមបណ្តោយផ្លូវជាតិលេខ២ ពីជើងទៅត្បូងឡើងទៅចាក់អង្រែក្រោមវិញ មកដល់ចំណុចកើតហេតុ ក៏ឃើញជនសង្ស័យ២ម៉ូតូ បានជិះមកក្បែរហើយព្យាយាមឆក់កាបូបគាត់ តែមិនសម្រេចក៏បណ្តាលឲ្យដួលបោកក្បាលទៅលើផ្លូវ របួសធ្ងន់សន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុតែម្តង។ ភ្លាមៗ នគរបាលប៉ុស្តិ៍ចាក់អង្រែលើ ក៏មកដល់ បានទាក់ទងទៅប្តីនារីខាងលើដើម្បីជូនប្រពន្ធតាមរថយន្តសាមុយទៅមន្ទីរពេទ្យ ។ ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សារទុកនៅប៉ុស្តិ៍ចាក់អង្រែលើ រង់ចាំសាច់ញាតិជនរងគ្រោះមកទទួលយកនៅពេលក្រោយ។
ពាក់ពន្ធ័ករណីខាងលើនេះដែរ លោក ជា រតនា នាយនគរបាលប៉ុស្តិ៍សង្កាត់ចាក់អង្រែលើ បានប្រាប់មកកាន់ TVFB ថា ចំពោះករណីខាងលើនេះ មុនពេលកើតហេតុ គេបានឃើញម៉ូតូចំនួន០២គ្រឿង បានជិះមកក្បែរម៉ូតូរបស់ជនរងគ្រោះ ប៉ុន្តែមិនដឹងថាជាករណីប៉ះដៃចង្កូតម៉ូតូគ្នាដួល ឬក៏ជាករណីអ្វីនៅឡើយនោះទេ។ ចំពោះសម្ភារៈរបស់ជនរងគ្រោះ ក៏ពុំមានបាត់បង់នោះដែរ ។ រីឯម៉ូតូរបស់គាត់ វិញត្រូវបានប្តីរបស់គាត់មកទទួលយកទៅវិញហើយ ។
លោក ជា រតនា នាយនគរបាលប៉ុស្តិ៍សង្កាត់ចាក់អង្រែលើ បានបញ្ជាក់ទៀតថា ដោយសារជនរងគ្រោះកំពុងសំរាកនៅមន្ទីពេទ្យ សមត្ថកិច្ចនៅមិនទាន់អាចសួរនាំគាត់បានឡើយ រង់ចាំជនរងគ្រោះចេញពីមន្ទីរពេទ្យវិញ សមត្ថកិច្ចនឹងធ្វើការសាកសួរបំភ្លឺជនរងគ្រោះជុំវិញករណីខាងលើនេះ ថាតើជាករណីអ្វីឲ្យប្រាកដ ហើយបើសិនជាករណីចោរឆក់មែននោះ សមត្ថកិច្ចនឹងទទួលពាក្យបណ្តឹងរបស់គាត់ ដើម្បីបើកស្រាវជ្រាវឲ្យបានពិតប្រាកដ វែកមុខសញ្ញាខាងលើនេះ យកមកផន្ទាទោសផងដែរ៕ មេសា