ខេត្តកំពង់ស្ពឺ ៖ រោងជាងមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើល ដល់បងប្ងូនប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ចចុះមកធ្វើការជួយបាញ់ពន្លត់ កាលពីវេលាម៉ោង១២ និង ៤៧នាទីយប់ឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ក្នុងភូមិរការធំ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានឲ្យដឹងថារោងជាងដែលឆាបឆេះនេះ ជាកម្មសិទ្ធរបស់ឈ្មោះ យូ ស្រូយ ភេទ ស្រី អាយុ ៥៣ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បណ្តាលឲ្យខូចខាត ឆេះរោងជាង ០១ កន្លែង ទំហំ ០៨x៣០ មែត្រ ធ្វើអំពីដែក ប្រក់ស័ង្កសី, ឆេះម៉ាស៊ីនតាបចំនួន ០៣ គ្រឿង និងឆេះសម្ភារះ ឈើកែឆ្នៃរួចមួយចំនួនធំ។
ភ្លាមៗ គេឃើញមានកម្លាំងការិយាល័យនគរបាលបង្ការពន្លត់ អគ្គភ័យ និងសង្គ្រោះ សហការជាមួយ កម្លាំងកម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមន កម្លាំងប៉ុស្តិ៍រការធំ និងកម្លាំងប្រជាការពារភូមិជាច្រើននាក់ បានចុះមកជួយអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចំនួន ០៣ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៩ រថយន្ត ទើបរលត់ទៅវិញនៅម៉ោង៣ទៀបភ្លឺ ថ្ងៃដដែល ។
ចំណែកមូលហេតុ សមត្ថកិច្ចបានឲ្យដឹងថា បណ្តាលមកពីទុសេ្សចរន្តអគ្គិសនី តែគ្មាននរណាម្នាក់ រងរបួស ឬឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះឡើយ ៕ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ