រថយន្តព្រូស៣គ្រឿង បុកបន្តគ្នា សងសំណងទៅម្ចាស់រថយន្តរងគ្រោះម្នាក់២៥ដុល្លារបញ្ចប់រឿង
សន្តិសុខសង្គម
166

រាជធានីភ្នំពេញ ៖ រថយន្តម៉ាកព្រូសចំនួន៣គ្រឿងបានបុកបន្តគ្នា រងការខូចខាតបន្តិចបន្តួច ខណៈរថយន្តបង្កមួយគ្រឿង បើកដោយជនជាតិចិន ជិះមកបុកពីក្រោយរថយន្តនៅពីមុខ ហើយរថយន្តព្រូសមួយគ្រឿងទៀត ជាន់ហ្វ្រាំងមិនទាន់ មកបុកពីក្រោយរុញទៅមុខបន្ថែមទៀត បង្កការកកស្ទះចរាចរណ៍ នៅវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវលេខ១១៤ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តព្រូស ពណ៌ស្ករ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AZ-5610 បើកបរដោយជនជាតិចិនម្នាក់ នឹងរួមដំណើរដោយជនជាតិចិនម្នាក់ទៀត ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ១១៤ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏បានជ្រុលទៅបុកពីក្រោយនឹងរថយន្តព្រូសមួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AO-0321 បើកបរដោយបុរសម្នាក់ស្របគ្នានៅពីមុខ បណ្តាលអោយរងការខូចខាតតិចតួច ហើយភ្លាមៗនោះក៏មានរថយន្តព្រូសមួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-5405 បើកដោយបុរសវ៉ាក់អឺ ជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកប៉ះពីក្រោយរថយន្តបង្កថែមទៀត បណ្តាលអោយរថយន្តទាំង៣គ្រឿង រងការខូចខាតបន្តិចបន្តួច។ បន្ទាប់មកភាគីទាំងសងខាងបានធ្វើការសម្រួលគ្នាតែមិនត្រូវគ្នាឡើយ រហូតដល់សមត្ថកិច្ចមកដល់បានមកធ្វើការគូសវាស់វែង ដើម្បីអោយរថយន្តទាំង៣គ្រឿង បើកចូលទៅអែបកៀនម្ខាង ងាយស្រួលដល់ពលរដ្ឋធ្វើដំណើរ។

ក្រោយពីសម្រួលគ្នាបានមួយសន្ទុះក្រោយមក ភាគីជនជាតិចិនដែលជាអ្នក បើករថយន្តបង្ក បានសម្រេចសងសំណងទៅម្ចាស់រថយន្តទាំង២គ្រឿង ក្នុងម្នាក់ទទួលបាន ២៥ដុល្លារ ដើម្បីបញ្ចប់រឿង ៕


Telegram