រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌច្បារអំពៅ សហការជាមួយនិងកម្លាំងនគរបាលស្រុកកៀនស្វាយ បានធ្វើការចាប់ខ្លួនជនសង្ស័យ២នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូរបស់បងប្អូនប្រជាពលរដ្ឋ នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បានសម្រេច រួចរត់ទៅសម្ងំលាក់ខ្លួននៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវក្របួចបាន២នាក់ យកមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រួមនិងម៉ូតូមួយគ្រឿង ដើម្បីយកធ្វើសាកសួរបន្ត។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីកម្លាំងសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋបានបាត់ម៉ូតូ ម៉ាកនិច ពណ៌ស នៅក្នុងផ្ទះមួយកន្លែង កាលពីម៉ោង២រំលងអធ្រាត្រយប់ ឈានចូលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ រួចមកកម្លាំងសមត្ថកិច្ចបើកការស្រាវជ្រាវនិងឆែកតាម ប្រព័ន្ធ GPS ដែលម្ចាស់បានតភ្ជាប់នឹងម៉ូតូនិងកំណត់គោលដៅ ឃើញគោលដៅស្ថិតនៅស្រុកកៀនស្វាយខេត្តកណ្តាល ទើបកម្លាំងនគបាលអធិការខណ្ឌច្បារអំពៅ បានសហការជាមួយកម្លាំងនគរបាលស្រុកកៀនស្វាយ ខេត្តកណ្តាល ចុះឡោមព័ទ្ធឃាត់ខ្លួនជនសង្ស័យបាន២នាក់ នឹងធ្វើការដកហូតម៉ូតូរបស់ជនរងគ្រោះ បានមួយម៉ាកនិចគ្រឿងមកវិញនិងបានដោះស្លាកលេខចេញបាត់ទៅហើយ ដែលជនសង្ស័យយកទៅសម្ងំលាក់ខ្លួននៅក្នុងបន្ទប់ជួលស្ថិតនៅស្រុកកៀនស្វាយ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាងត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌច្បារអំពៅកំពុងធ្វើការសាកសួរកសាងសំណុំរឿងបញ្ជូនខ្លួនទៅ តុលាការដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ មេសា