រាជធានីភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តបែនដឹកដីមួយគ្រឿង ជ្រុលចង្កូតទៅបុកពីក្រោយម៉ូតូពេញទំហឹង បណ្ដាលឲ្យម៉ូតូចូលក្រោមរថយន្ដរេចង្កូតធ្លាក់ចូល ក្នុងប្រឡាយទឹក បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២១ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីជនរងគ្រោះជាម្ចាស់ម៉ូតូ បានប្រាប់ឲ្យដឹងថា ដំបូងឡើយខ្លួនបានជិះម៉ូតូម៉ាកហុងដាទ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ២០១៨ មួយគ្រឿង ពណ៌ខ្មៅ ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនមធ្យម គោលបំណងចេញពីធ្វើការបម្រុងត្រឡប់ទៅផ្ទះវិញ ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែឃើញមានបុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តបែនដឹកដីមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ចង្កូតស្តាំ SVR 0752 ធ្វើដំណើរស្របទិសគ្នាមកបុកពីក្រោយម៉ូតូពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូខ្ទាតចេញទៅខាងមុខ រងរបួសស្រាល។ ចំណែកឯម៉ូតូវិញចូលក្រោមរថយន្តអូសធ្លាក់ចូលក្នុងប្រឡាយទឹក រីឯតៃកុងរថយន្តវិញ បែរជាបង្កហិង្សាជាមួយអ្នកភូមិ ត្រូវបានសមត្ថកិច្ចឃាត់យកទៅប៉ុស្ដិ៍ធ្វើការសួរនាំ។
ជនរងគ្រោះមានឈ្មោះ គឿន ហឹន ភេទប្រុស អាយុ៣៥ ឆ្នាំ មុខរបរធ្វើការនៅក្រុមហ៊ុនក្រឡុកបេតុង ជិតនឹងកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានធ្វើការឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃស ដើម្បីរង់ចាំការដោះស្រាយជាមួយនឹងជនរងគ្រោះនៅពេលក្រោយតាមច្បាប់បន្តទៀត៕