រាជធានីភ្នំពេញ ៖ យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំបានឲ្យដឹងថា បុរស០២នាក់ ប្រើប្រាស់អាវុធខុសច្បាប់ផ្ទុះអាវុធកណ្តាលរាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើល ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌបឹងកេងកង តាមស្វែងរកបង្រ្កាបចាប់ឃាត់ខ្លួនបាន កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចក្នុងសណ្ឋាគារសេវេនដេ បន្ទប់លេខ ១១០ និង ១១៤ ជាន់ទី១ ផ្លូវ១៦៣ សង្កាត់អូរឡាំពិក ខណ្ឌបឹងកេង កង រាជធានីភំ្នពេញ ក្រោយពីបានធ្វើសកម្មភាពផ្ទុះអាវុធក្នុងជម្លោះជាមួយមិត្តភក្តិនៅចំណុចស្ពានអាកាសក្បាលថ្នល់ខណៈដែលជនសង្ស័យនាំគ្នាផឹកស្រាបៀរអស់១កេស និងបានប្រើប្រាស់គ្រឿងញៀន។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចស្ពានអាកាសក្បាលថ្នល់ ផ្លូវនរោមត្ដ សង្កាត់ចាក់អង្រែលើ ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ មានករណីផ្ទុះអាវុធមួយកើតឡើងបង្កដោយមនុស្ស០១ក្រុមមិនស្គាល់អត្តសញ្ញាណ។
ក្រោយពីកើតមានករណីនោះហើយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលចុះស្រាវជ្រាវស៊ើបអង្កេត និងឈានទៅដល់កំណត់បានមុខសញ្ញាជនសង្ស័យ ហើយបានទទួលព័ត៌មានមកថាជនសង្ស័យមកដេកសម្ងំលាក់ខ្លួននៅចំណុចសណ្ឋាគារខាងលើក្នុងខណ្ឌបឹងកេងកង កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលខណ្ឌបឹងកេងកង ឆ្នក់ចូលចាប់បានជនសង្ស័យ០២នាក់ ជាមួយនិងវត្ថុតាងអាវុធខ្លី០១ដើម ម៉ាកK59 ពណ៌ទឹកមាស និងគ្រាប់ចំនួន០៤គ្រាប់។
លោកនាយការិយាល័យប្រាប់ឱ្យដឹងទៀតថា ជនសង្ស័យ១- ឈ្មោះ កែវ គន្ធប៊ុននី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ប្រកបមុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១៦៨ ផ្លូវលេខ១៣៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ២-ឈ្មោះ សម្បត្តិ រ៉ាឆៃ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ប្រកបមុខរបរជាងឈើ ស្នាក់នៅផ្ទះលេខ៣៣៤ ផ្លូវលំ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ហើយជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ និងវត្ថុតាង ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕