សមត្ថកិច្ចដេញតាមចាប់ក្រុមចោរធាក់ប្លន់ម៉ូតូពីបុរសម្នាក់បណ្តាលឲ្យដួលរបួសធ្ងន់ ហើយរត់ប្រផាប់ប្រភីង រហូតចាប់បានម្នាក់ ចំណែកបក្ខពួក៥នាក់ទៀតរត់គេចខ្លួនបាត់
សន្តិសុខសង្គម
406

ខេត្តកណ្តាល ៖ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ បានសហការជាមួយកម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុក ធ្វើការដេញតាមពីក្រោយជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៦នាក់ ក្រោយបានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ ពីប្រជាពលរដ្ឋ រហូតដល់ឃុំសំរោងធំ ស្រុកកៀនស្វាយ។

ខណៈនេះ ជនសង្ស័យបានបត់ចូលផ្លូវលំ ឆ្ពោះទៅទិសខាងលិចបានប្រហែលជា៣០០ម៉ែត្រ ក៏បានបុកកន្ទុយរឺម៉កម៉ូតូដែលប្រជាពលរដ្ឋចតចោលនៅចិញ្ចើមផ្លូវ បណ្តាលឲ្យដួលរងការខូចខាត និងបែកក្បាលហូរឈាម ហើយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង កាលពីវេលាម៉ោង ១០ និង៣០នាទីយប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ លើផ្លូវជាតិលេខ១ ភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ ក្រោយការឃាត់ខ្លួនគឺបានរកឃើញវត្ថុតាងជាច្រើនផងដែរ។

ជុំវិញករណីខាងលេីនេះលោកវរៈសេនីយ៍ឯក អាំ ធូ អធិការនគបាលស្រុកលើកដែក បានប្រាប់បណ្តាញព័ត៌មានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ទន់ ស៊ីណា ហៅណេត ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ចំណែកបក្ខពួកដែលជិះម៉ូតូជាមួយម្នាក់ទៀត ឈ្មោះ ថន ធុយ អាយុ១៨ឆ្នាំរត់បាត់ រួមជាមួយនិងបក្ខពួកប្រមាណ៤នាក់ទៀត ដែលជិះម៉ូតូ២គ្រឿងទៀត។

លោកបន្តឲ្យដឹងទៀតថា សមត្ថកិច្ចបានធ្វើការដកហូត ម៉ូតូចំនួន០២ គ្រឿង រួមមាន ម៉ូតូម៉ាក ICON ០១ គ្រឿង ពណ៌ សលាយ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1W-5973 (ជារបស់ជនសង្ស័យ) និងម៉ូតូម៉ាកហុងដា១២៥ ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1E-7537 ជារបស់ជនរងគ្រោះ, សោរមាត់(តូច.ធំ)ចំនួន ២០ ដើម, កន្រ្តៃតូចកាត់ដែកសង្ក័សី ចំនួន ០១, ផ្លែដែកសម្រាប់ បុកបេតុង ចំនួន ០១, ទួលណឺវីស វ៉ាស់ភ្លើង ចំនួន ០១, ទួលណឺវីស ផ្លែដែក ចំនួន ០១, សោរតាន់(តូច.ធំ) ចំនួន ០៣ ដើម, ឧបករណ៍ សម្រាប់ បុកកាច់ក ម៉ូតូ ០១ ឈុត, កន្រ្តៃ ចំនួន ០១, មេដែកឆក់ ចំនួន ០១, ច្រវាក់+មេសោរ ចំនួន ០១, ទូរស័ព្ទដៃ ០១ គ្រឿង ម៉ាក OPPO ពណ៌ ក្រហម(របស់ជនសង្ស័យ)។

ចំណែកជនរងគ្រោះ‌ឈ្មោះ គង់ ឆៃឡុង ភេទ ប្រុស អាយុ ២១ឆ្នាំ រស់នៅឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង ។

សូមបញ្ជាក់ថា កាលពីម្សិលមុិញនេះនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ជនរងគ្រោះ ឈ្មោះ គង់ ឆៃឡុង បានជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរី ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1E.7537 ទៅមើលបងគ្រោះថ្នាក់ចរាចរណ៍នៅច្បារអំពៅ ពេលធ្វើដំណើរតាមផ្លូវមានម៉ូតូ០៣គ្រឿង ស្រាប់តែមានជនសង្ស័យមានគ្នា០៦នាក់ ក្នុងនោះម៉ូតូ០២គ្រឿងមានគ្នា០៤នាក់ បានជិះកៀនិងម៉ូតូ០១គ្រឿងទៀតមានគ្នា០២ ជិះតាមក្រោយម៉ូតូជនរងគ្រោះ មកដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យធាក់ម៉ូតូជនរងគ្រោះបណ្តាលឲ្យដួល ធ្វើឲ្យជនរងគ្រោះ រងរបួស បាក់ឆ្អឹងដងកាំបិតខាងឆ្វេង ហើយជនសង្ស័យទាំង០២នាក់ បំរុងនឹងលើកម៉ូតូជនរងគ្រោះជិះ ត្រូវប្រជាជនចេញមកទាន់ ជនសង្ស័យទាំង០៦នាក់ បានជិះម៉ូតូគេចឡើងទៅភ្នំពេញ។

ភ្លាមៗកម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ បានសហការជាមួយកម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុក ធ្វើការដេញតាមពីក្រោយរហូតដល់ឃុំសំរោងធំ ស្រុកកៀនស្វាយ ជនសង្ស័យបានបត់ចូលផ្លូវលំឆ្ពោះទៅទិសខាងលិចបានប្រហែលជា ៣០០ម៉ែត្រជនសង្ស័យបានបុកកន្ទុយរ៉ឺម៉កម៉ូតូដែលប្រជាពលរដ្ឋចតចោលនៅចិញ្ចើមផ្លូវបណ្តាលឲ្យម៉ូតូជនសង្ស័យដួលខូចខាតផ្នែកក្បាលម៉ូតូនិងបែកក្បាលជនសង្ស័យហូរឈាម ហើយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានម្នាក់តែម្តងដើម្បីយកមកចាត់ការតាមច្បាប់ ។ ខណៈបក្ខពួកផ្សេងទៀតរត់គេចខ្លួន ពេលនេះសមត្ថកិច្ចកំពុងតែតាមចាប់ ៕


Telegram