អង្ករចំនួន ១០តោនត្រូវបាន លោកឧកញ៉ា ឆាយ សុធា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្របែក និងជាសមាជិកក្រុមយុវជនក្រៅប្រទេស ប្រគល់ជូនក្រុមប្រឹក្សាខេត្តព្រៃវែង ដើម្បីទុកជួយសម្រួល ដល់ការលំបាករបស់ប្រជាពលរដ្ឋពេលកំពុងធ្វើចក្តាឡីស័កកាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ។
លោកឧកញ៉ា ឆាយ សុធា អគ្គនាយកក្រុមហ៊ុន Diamond Lucky Asia Co.,Ltd បានបញ្ជាក់ថា ថ្វីដ្បិតអំណោយនេះតិចតួច មិនច្រើនក្តី តែក៏អាចជួយសម្រួលដល់ប្រជាពករដ្ឋ ដែលជួបប្រទះនូវការលំបាកក្នុងកំឡុងពេលធ្វើចក្តាឡីស័ក និងព្យាបាលជំងឺកូវីដ១៩ នៅតាមស្រុកមួយចំនួនក្នុងខេត្តព្រៃវែង បានមួយគ្រាផងដែរ។
ជាមួយគ្នានោះដែរ លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានថ្លែងដែរថា ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលក៏ដូចជាប្រធានក្រុមប្រឹក្សាគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង និងដំណាងឱ្យប្រជាពលរដ្ឋដែលកំពុងធ្វើចក្តាឡីស័ក សូមថ្លែងអំណរគុណចំពោះលោកឧកញ៉ា ឆាយ សុធា រួមក្រុមការងារ ដែលតែងតែនឹកឃើញរាល់ការលំបាករបស់ ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តព្រៃវែង ដែលជួបការលំបាក ជាពិសេសស្ថិតក្នុងដែលប្រទេសជួបការលំបាកក្នុងកំឡុងពេលកើតមានជំងឺកូវីដ១៩នេះ។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេដែលលោកឧកញ៉ា ឆាយ សុធា នាំយកអំណោយសម្រាប់ចែកជូនពលរដ្ឋជួបការលំបាកក្នុងខេត្តព្រៃវែង ដោយលោក តែងតែបាននាំយកអំណោយចែកជូនប្រជាពលរដ្ឋ និងជួយសម្រួលនូវការលំបាកសម្រាប់អាជ្ញាធរភូមិ ឃុំ ក្នុងខេត្តព្រៃវែងជាញឹកញាប់។ ជាក់ស្ដែងកាលពីថ្ងៃទី១៥ ខែ១១ ២០២០ លោកឧកញ៉ា ឆាយ សុធា បានផ្តល់ជំនួយថវិកាចំនួន ៤០លានរៀល ជូនក្រុមប្រឹក្សាឃុំកំពង់ពពិល ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដើម្បីយកទៅប្រើប្រាស់ ទុកជាប្រយោជន៍នៅមូលដ្ឋាន ក្នុងឃុំតែម្តង៕