រាជធានីភ្នំពេញ ៖ បុរសម្នាក់បានឆេះពេញខ្លួនប្រាណស្លាប់ភ្លាមៗមួយរំពេច បន្ទាប់ពីជួសជុលកន្លែងស្តុកសាំងហេីយផ្សារចំណុចដែលខូចខុសបច្ចេកទេស ឆាបឆេះចំហេះដែលមានសល់តិចតួចក្នុងស៊ីទែនសាំង បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១និង២៥នាទីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ម្ដុំបូរីកីឡា តាមបណ្ដោយផ្លូវលេខ១៨២ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
តាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ បុរសដែលស្លាប់បាត់បង់ជីវិតជាជាងជួសជុល ត្រូវបានគេស្គាល់ឈ្មោះថា ពៅ កុសល ៣៧ មានស្រុកកំណេីតនៅក្នុងភូមិពាម ស្រុកមុខកំពូល ខេត្តកណ្តាល បានចូលមកជួសជុលកន្លែងស៊ីទែនស្តុកសាំងនៅក្នុងឃ្លាំង ដែលបានខូច ខណៈកំពុងតែផ្សាចំណុចដែលខូច ។
ប្រភពបន្តថា ស្រាប់តែលឺសម្លេងផ្ទុះដូចគ្រាប់បែក យ៉ាងខ្លាំង ចេញពីខាងក្នុងឃ្លាំង ហេីយភ្លាមៗនោះកម្មករផ្សេងទៀតបានរត់ចូលទៅមើលចំណុចដែលផ្ទុះ ក៏ស្រាប់តែឃេីញបុរសជាជាងជួសជុលនោះ បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។ បន្ទាន់ពីកេីតហេតុរួច ករណីនេះបានដឹងដល់អាជ្ញាធរមូលដ្ឋានចុះមកពិនិត្យដល់ទីតាំងកើតហេតុផងដែរ ហេីយអ្នកគ្រប់គ្រងនិងម្ចាស់ស្ថានីយ៍ក៏បានមកដល់ផងដែរនិងបានត្រួតពិនិត្យមេីលដល់សព ដោយមានការសោកស្តាយជាទីបផុត។
ក្រោយពេលកើតហេតុអាជ្ញាធរមូលដ្ឋានបានសហការជាមួយមន្រ្តីជំនាញសុខាភិបាល ចុះមកយកសំណាកនិងពិនិត្យធ្វើកោសល្យវិច្ឆ័យ រួចប្រគល់សាកសពជូនសាច់ញ្ញាតិ ធ្វើបុណ្យតាមប្រពៃណី៕