រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ទឹកល្អក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាប់វាយខ្នោះបានភ្លាមៗ ក្រោយពេលធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាក Iphone Xs max មួយគ្រឿងពីបុរសម្នាក់។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១២និង១៥នាទីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅផូវ២៦៥កែងនិងផ្លូវ២១៦ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ លី ម៉េង ហ៊ួ ភេទប្រុស អាយុ១៨ឆ្នាំ មុរបរនិងកន្លែងស្នាក់នៅមិនពិតប្រាកដ។
ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿងត្រឡប់ទៅធ្វើការ លុះដល់ចំណុចផ្លូវបំបែកជាបួន ក្បែរកន្លែងកើតហេតុរូបគាត់បានឈប់ម៉ូតូនិយាយទូរស័ព្ទ ស្រាប់តែជនសង្ស័យខាងលើបានជិះម៉ូតមួយគ្រឿង ម៉ាកស៊ុយហ្សីគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IU - 5442 បានធ្វើសកម្មភាពឆក់យកទូរស័ព្ទពីដៃរបស់គាត់ ភ្លាមៗនោះជនរងគ្រោះបានជិះម៉ូតូដេញតាមពីក្រោយ ហើយស្រែកថា ចោរៗ ស្របពេលកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលបានល្បាតពួនស្ទាក់នៅទីនោះ ក៏បានចេញអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗតែម្តង ហើយក៏បានដឹកជនសង្ស័យយកទៅសាកសួរបន្តនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់ទី២ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿងពីជនរងគ្រោះពិតប្រាកដមែន ហើយកន្លងទៅរូបគេធ្លាប់ចេញធ្វើសកម្មភាពឆក់តាមដងផ្លូវជាញឹកញាប់ផងដែរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកនិងកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនិតិវិធី៕