រាជធានីភ្នំពេញ ៖ គូស្នេហ៍ជនជាតិចិន ឈ្លោះប្រកែកគ្នាលើទូក ខាងប្រុសចិត្តខ្លាំង លោតទឹកបញ្ជាក់ចិត្តស្មោះ ខាងស្រីឃើញដូចនោះក៏លោត តាមក្រោយ មានអីខាងប្រុសចេះហែលទឹកហែលឡើងគោកវិញ ចំណែកខាងស្រីអត់ចេះហែលទឹកលិចបាត់ឈឹង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១យប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ លើទូកទេសចរមួយគ្រឿងកណ្តាលទន្លេ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន ពីអ្នករត់ទូកទេសចរខាងលើ បានអោយដឹងថា មុនពេលកើតហេតុ មានជនជាតិចិនមួយក្រុម បានជួលទូករបស់គាត់ដើម្បីជិះលេងកម្សាន្ត ស្រាប់តែមានគូស្នេហ៍មួយគូ បានឡើងទៅខាងលើទូករបស់គាត់ ហើយក៏បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ធ្វើអោយខាងប្រុសបោកទូរសព្ទហើយក៏បានលោតចុះទៅក្នុងទឹក។
អ្នករត់ ទូកទេសចរខាងលើ បានបន្តថា ភ្លាមនោះខាងស្រីក៏បានលោតទៅតាមក្រោយទៀត ដោយគ្មានអ្នកណាជួយឃាត់ទាន់ឡើយ ទើបអ្នករត់ទូកនៅទីនោះ បានលោតទៅជួយស្រង់បានខាងប្រុសឡើងមកលើទូកវិញ ចំណែកខាងស្រី រកមិនឃើញសោះ ដោយប្រើពេលរាវរកជាច្រើនម៉ោង ។
បន្ទាប់ពីកើតហេតុហើយនោះ ជនជាតិចិនមួយក្រុមខាងលើ ក៏បានជួលទូកនេសាទ ឲ្យជួយរាវរកខាងស្រីដែរ តែមិនឃើញសោះ អស់សង្ឃឹម ក៏នាំគ្នាត្រឡប់ទៅផ្ទះវិញ មានតែរង់ចាំរកសាកសពអណ្ដែតឡើងវិញតែប៉ុណ្ណោះ៕