ប៉ូលិសដេញតាមចាប់ក្រុមចោរប្លន់ រហូតក្រុមចោរផ្ទុះអាវុធបាញ់ មក លើ កម្លាំង សមត្ថកិច្ច ០៥ គ្រាប់ សមត្ថកិច្ចប្រើសិទ្ធការពារខ្លួនវិញ ចាប់ខ្លួនបាន៤នាក់!
សន្តិសុខសង្គម
674

ខេត្តប៉ៃលិន ៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យ ចំនួន ៤នាក់ត្រូវបានកម្លាំងព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សហការជាមួយកម្លាំង នគរបាលមូលដ្ឋាន ធ្វើការស៊ើបអង្កេតស្រាវជ្រាវ ឃាត់ខ្លួនពាក់ព័ន្ធករណីកំហែងយក ( ប្លន់ ) ។

ករណីនេះ កើតឡើងនៅវេលាម៉ោង ១៨ និង ៣០នាទី នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២១ ចំណុច ដីចំការជាប់អូរ ក្នុងភូមិអូរឬស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ករណីខាងលើ កម្លាំងនគរបាលជំនាញ បានចុះសហការ ធ្វើស៊ើបអង្កេតស្រាវជ្រាវស្វែងរកមុខសញ្ញាក្នុងករណីប្លន់ប្រដាប់អាវុធ តាំងពីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ព្រឹក ថ្ងៃទី១៩ ខែកក្កដា ដោយមានការសង្ស័យពីកន្លែងលាក់ខ្លួនរបស់ជនង្ស័យ កម្លាំងបានធ្វើការ បែងចែកជា ០២ ក្រុម ដឹកនាំកម្លាំងលោក វរសេនីយ៍ត្រី ឡោ ពុធ អធិការរង ពេលម៉ោង ០៧ និង ៣០ នាទី ព្រឹក នៅចំណុចចម្ការដំឡូងខាងកើតសៃឡូតាឡិ ក៏មានម៉ូតូ ០១ គ្រឿង បើកឆ្លងកាត់ ដោយមានការសង្ស័យ ក៏បានហៅសាកសួរ តែជនសង្ស័យមិនឈប់ដោយ ព្យាយាមបើកគេច ហើយកម្លាំងបានប្រដេញតាមដល់ ចំណុចកើតហេតុជនសង្ស័យក៏បានផ្ទុះអាវុធ មកលើកម្លាំង សមត្ថកិច្ច ចំនួន ០៥ គ្រាប់ កម្លាំងក៏បានតបតវិញ ក្នុងការប្រើសិទ្ធិការពារខ្លួន។

សមត្ថកិច្ច បន្ត ថា រហូត ដល់ វេលា ម៉ោង ១៣ និង ០០ នាទី ថ្ងៃ ទី ១៩ ខែកក្កដា ឆ្នាំ ២០២១ សមត្ថកិច្ច បាន បន្ត ស្រាវជ្រាវ ស៊ើបអង្កេត ឈាន ទៅ ឃាត់ខ្លួន សង្ស័យ ចំនួន ០៤ នាក់ មាន ៖

- ទី ១ ឈ្មោះ វ៉ៃ អិ ភេទប្រុស អាយុ៣៧ ឆ្នាំ ស្នាក់នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន ។

- ទី ២ ឈ្មោះ ស្រស់ វណ្ណ នេត ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិទួល ឃុំសាលា ក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

- ទី ៣ ឈ្មោះ បុល រ័ត្ន ភេទប្រុស អាយុ៣៣ ឆ្នាំ ស្នាក់នៅភូមិសួនអំពៅកើត សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

- ទី ៤ ឈ្មោះ យឿន ឈួន ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិទំនប់ ឃុំស្ទឹងត្រង ស្រុក សាលាក្រៅ ខេត្តប៉ៃលិន ។

ក្នុងរង្វង់ប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានធ្វើការដកហូតបាន អាវុធខ្លីកែច្នៃ ចំនួន០១ ដើម , អាវុធវែងកែច្នៃប្រើខ្យល់ ចំនួន ០១ ដើម , កាំបិតខ្លី ចំនួន ០១ ដើម , គ្រាប់កាំភ្លើង AK ចំនួន ០៧ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាង សំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕


Telegram