ខេត្តរតនគិរី៖ អ្នកបើករថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្តម្នាក់ត្រូវបានលោក ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី ដាក់ទណ្ឌកម្មកម្រិតធ្ងន់ តាមវិន័យរដ្ឋបាល ដោយសារតែបើករថយន្តដឹកសពស្ត្រីពោះធំម្នាក់ទៅទម្លាក់ចោលកណ្តាលផ្លូវ ។អ្វីហួសចិត្តនោះ បើទោះបីជាសាច់ញាតិ សុំអង្វរឲ្យដឹកដល់ផ្ទះយ៉ាងណាក៏ដោយ ក៏អ្នកបើកបររថយន្តសង្គ្រោះនោះមិនព្រមដែរ។ ទីបំផុត គ្រួសារសព ក៍ដឹកសពថាក់តាមម៉ូតូយកមកផ្ទះវិញ។
បើយោងតាមសេចក្តីបំភ្លឺរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ មន្ទីរពេទ្យបង្អែកខេត្តបានអនុញ្ញាតឲ្យរថយន្តគិលានសង្គ្រោះ ម៉ាកឡង់គ្រីស័រ ស្លាកលេខររដ្ឋ១២ 2-0129 បើកបរដោយឈ្មោះ អ៊ន ប៊ុនឡេង បានដឹកស.ពស្ត្រីម្នាក់ឈ្មោះ គ្វឹម ម៉ក់ (បើតាមគ្រួសារថាឈ្មោះ កាវែម ពូន) អាយុ៣១ឆ្នាំ មានទីលំនៅក្នុងភូមិផាក់ណាម ឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី ។
ក្នុងសេចក្តីបំភ្លឺដដែល បន្តថា លុះដឹកដល់ចំណុចស្ពានអូរលីង ស្ថិតនៅក្បែរភូមិឃួន ឃុំកោះពាក្យ ស្រុកវើនសៃ បុគ្គលអ្នកបើកបរឈ្មោះ អ៊ន ប៊ុនឡេង បានសម្រេចចិត្តដាក់សពស្ត្រីខាងលើ ចុះដោយឯកឯង ។ ហើយសព ត្រូវក្រុមគ្រួសារដឹកបន្តដោយម៉ូតូទៅលំនៅដ្ឋានរបស់ខ្លួន ។
សូមជម្រាបថាករណីនេះ វាជាទង្វើផ្ទាល់របស់សាមីខ្លួនអ្នកបើកបរ ដែលបានប្រព្រឹត្តខុសឆ្គងទៅនឹងវិជ្ជាជីវៈសុខាភិបាល និងមិនបានអនុវត្តតាមការណែនាំរបស់អង្គភាព ។ ដូច្នេះមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី ពិតជាមានការសោកស្តាយចំពោះហេតុការណ៍ដែលបានកើតឡើង ។ ជាមួយគ្នានេះ មន្ទីរសុខាភិបាលខេត្តរតនគិរី បាននិងកំពុងរៀបចំដាក់ទណ្ឌកម្មវិន័យតាមនីតិវិធីរដ្ឋបាល ស្របតាមកម្រិតទម្ងន់កំហុសឆ្គង ដក់អ្នកបើកបររូបនោះ ។ មន្ទីរសុខាភិបាលខេត្ត សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារនៃសព ចំពោះទង្វើមិនសមរម្យរបស់អ្នកបើកបររថយន្តគិលានស្គ្រោះ ឈ្មោះ អ៊ន ប៊ុនឡេង ផងដែរ ។
បច្ចុប្បន្នមន្ទីរសុខាភិបាលខេត្ត នឹងធ្វើការកែសម្រួលការគ្រប់គ្រង មិនឲ្យមានករណីនេះកើតឡើងទៀតទេ ។
គួររម្លឹកថា ហេតុការណ៍ខាងលើនេះ បានកើតឡើងតាំងពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១មកម្ល៉េះ ហើយត្រូវបានគេខំព្យាយាមលាក់បាំង ក៏ប៉ុន្តែត្រូវបែកធ្លាយ ក្រោយពីស្ត្រីពោះធំនោះឆ្លងទន្លេមិនរួច ក៏បាត់បង់ជីវិតនៅមន្ទីរពេទ្យបង្អែកខេត្តរួចមកយូរថ្ងៃហើយ ។ ចំណែកសពស្ត្រីពោះធំត្រូវសាច់ញាតិដឹកអូសតាមម៉ូតូគួរឱ្យសង្វេគ ក្រោយរថយន្តសង្គ្រោះទម្លាក់ចោល បេីទោះបីជាសាច់ញាតិសុំអង្វរឲ្យដឹកដល់ផ្ទះយ៉ាងណាក៏ដោយ ក៏អ្នកបើកបររថយន្តសង្គ្រោះបន្ទាន់នោះមិនព្រមដែរ។
ចំណែកបុរសជាប្តីមានឈ្មោះ យែន យន្ត មានមុខរបរធ្វើចំការ រីឯសពស្ត្រីពោះធំឆ្លងទន្លេមិនរួចនោះឈ្មោះ កាវែម ពូន អាយុ៣១ឆ្នាំ ជនជាតិក្រឹង ហើយមានកូនស្រី២នាក់ អាយុ៧ឆ្នាំ និង៨ឆ្នាំ រស់នៅភូមិឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី ៕