រាជធានីភ្នំពេញ ៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីឃើញបុរសវ័យចំណាស់ម្នាក់ មានសភាពស្រវឹងធីងធោង ហើយប៉ុនប៉ងលោតទឹកស្ពានជ្រោយចង្វារ ដោយមិនដឹងមូលហេតុ កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២១ នៅចំណុចលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចចរាចរណ៍បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសវ័យចំណាស់ម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក ស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CL-4209 បើកបរក្នុងទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ បានឈប់ម៉ូតូ ហើយចុះពីលើម៉ូតូក្នុងសភាពស្រវឹងជោកជាំ រួចដើរសំដៅបម្រុងលោតទម្លាក់ខ្លួនពីលើស្ពានជ្រោយចង្វារ តែត្រូវបានប្រជាពលរដ្ឋដែលធ្វើដំណើរលើស្ពានឃើញទាន់ ជួយឃាត់ទាន់ពេលវេលា ។ ប៉ុន្តែបុរសចំណាស់ខាងលើដោយសារស្រវឹងជោកជាំពេក បានក្រោកដើរទៅសំដៅបង្កាន់ដៃស្ពានបម្រុងលោតម្តងទៀតជាលើកទី២ តែត្រូវសមត្ថកិច្ចឃាត់ រួមនិងអ្នកសារព័ត៌មានម្នាក់ ស្ទុះទាញចេញភ្លាមៗផងដែរ ។
ក្រោយមក សមត្ថកិច្ចចរាចរណ៍ដែលប្រចាំការនៅគោលដៅស្ពានជ្រោយចង្វារ បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកយកបុរសវ័យចំណាស់ខាងលើ ទៅកាន់ប៉ុស្តិ៍នគរបាលជ្រោយចង្វារ ដើម្បីរងចាំសាច់ញាតិមកទទួលត្រឡប់ទៅផ្ទះវិញ។
ជុំវិញករណីបុរសវ័យចំណាស់ខាងលើនេះ ថែមទាំងស្រវឹងជោកជាំ ដែលប៉ុនប៉ងមកលោតទឹកសម្លាប់លើស្ពាននេះ មិនទាន់បញ្ជាក់ថាបណ្តាលមកពីមូលហេតុអ្វីនោះទេ៕