ក្រុមអ្នកបើក យានយន្តដឹកជញ្ជូន ផ្ទុះធ្វើការតវ៉ា ស្នើសុំដំណោះស្រាយ៣ចំណុច ដែលខុសពីច្បាប់ និងឯកសារគតិយុត្តិ នៅផ្លូវក្រវ៉ាត់ក្រុងទី២ ព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល
សន្តិសុខសង្គម
165

ខេត្តកណ្តាល ៖ យោងតាមផេក ផ្លូវការរបស់ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានដឹកនាំគណៈប្រតិភូ ចុះដោះស្រាយសំណូមពររបស់តំណាងក្រុមយានយន្តដឹកជញ្ជូន លើបញ្ហាដឹកលើសទម្ងន់កម្រិតកំណត់ នៅផ្លូវក្រវ៉ាត់ក្រុងទី២ ព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល។

ក្នុងបញ្ហានេះ តំណាងរបស់យានយន្តដឹកជញ្ជូនទាំង ៥រូបបានស្នើសុំដំណោះស្រាយ ៣ចំណុច ដែលខុសពីច្បាប់ និងឯកសារគតិយុត្តិ រួមមាន៖

១. ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៥៥តោន (បន្ថែម១៥តោន) ចំពោះប្រភេទយានយន្តភ្លៅ៥ (V1) ដែលក្នុងច្បាប់កំណត់ត្រឹមតែ៤០តោន ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៤៥តោន (បន្ថែម១៥តោន) ចំពោះប្រភេទយានយន្តភ្លៅ៤ ដែលក្នុងច្បាប់កំណត់ត្រឹមតែ៣០តោន ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៣៥តោន (បន្ថែម១០តោន) ចំពោះប្រភេទយានយន្តភ្លៅ៣ ដែលក្នុងច្បាប់កំណត់ត្រឹមតែ២៥តោន និងស្នើសុំផ្ទុកទម្ងន់សរុបដល់ ២៥តោន (បន្ថែម៩តោន) ចំពោះប្រភេទយានយន្តភ្លៅ២ ដែលក្នុងច្បាប់កំណត់ត្រឹមតែ ១៦តោន។

២. ស្នើសុំត្រឹមកុំឱ្យមានឃាត់យានយន្តចំនួនមួយឆ្នាំដោយសុំត្រឹមតែពិន័យជាថវិកា

៣. ស្នើសុំដោះលែងយានយន្តទាំងឡាយណាដែលកំពុងឃាត់ទុកមួយឆ្នាំឱ្យចរាចរណ៍ដឹកជញ្ជូនបាន។

ជាការឆ្លើយតប ពាក់ព័ន្ធនឹងបញ្ហាទាំងនេះ ឯកឧត្តមប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ និងថ្នាក់ដឹកនាំបានទទួលពិនិត្យសំណូមពរទាំង ៣ចំណុចខាងលើ និងគោរពរាយការណ៍ជូនឯកឧត្តមទេសរដ្ឋមន្រ្តីដើម្បីស្វែងរកដំណោះស្រាយសមស្របណាមួយជូន និងស្នើសុំឱ្យក្រុមយានយន្តដឹកជញ្ជូនទាំងអស់កុំប្រមូលផ្តុំ ជៀសវាងការឆ្លងនៃជម្ងឺកូវីដ១៩។

គួរបញ្ជាក់ថា គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានឃាត់យានយន្តដែលរក្សាទុកចំនួនមួយឆ្នាំ ១៧៣គ្រឿង ដោយអនុវត្តយ៉ាងតឹងរឹងបំផុតដោយគ្មានការលើកលែងឡើយតាមច្បាប់ស្តីពីផ្លូវថ្នល់មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។

ក្នុងនោះ ក្រសួងសាធារណៈការនិងដឹកជញ្ជូន ក៏សូមអំពាវនាវ ចំពោះក្រុមហ៊ុន និងឯកជន ដែលប្រកបអាជីវកម្មផ្នែកដឹកជញ្ជូនតាមរថយន្តធុនធ្ងន់ទាំងអស់ ចូលរួមគោរពតាមនូវអនុសាសន៍ដ៏មានអត្ថន័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា « ការប្រកបមុខរបរទទួលទាន ក៏ដូចជា ការបំពេញការងារ តាមវិជ្ជាជីវៈ របស់បងប្អូនប្រថាពលរដ្ឋ ប្រកបដោយ ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវ គឺថាការតបស្នងដ៏សំខាន់ ដល់សង្គមជាតិ ដែលកំពុងមានសន្តិភាព និងការរីកចម្រើន អរគុណសន្តិភាព » និងចូលរួមជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងរាជរដ្ឋាភិបាល ដើម្បីគោរព និងអនុវត្តតាមបទប្បញ្ញត្តិច្បាប់ និងរួមចំណែកការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាប់គង់វង្សតាមអាយុកាលកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយសាររថយន្តដឹកលើសទម្ងន់កម្រិតកំណត់ ៕


Telegram