រាជធានីភ្នំពេញ ៖ យោងតាមផេក គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានផ្តល់នូវរបាយការណ៍សង្ខេប អំពីផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ដែលកើតឡើងក្នុងរយៈពេល២០ថ្ងៃ ដើមខែកក្កដា ឆ្នាំ២០២១។
ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ឈានចូលខែកក្កដា ឆ្នាំ២០២១នេះ ព្យុះក្នុងតំបន់ និងប្រព័ន្ធសម្ពាធទាប បានកើតឡើងជាបន្តបន្ទាប់ បង្កឱ្យមានផលប៉ះពាល់មួយចំនួនដល់កម្ពុជា ដោយ មានភ្លៀងធ្លាក់ពីកម្រិតមធ្យម ទៅច្រើន រាយប៉ាយក្នុងក្របខ័ណ្ឌទូទាំងប្រទេស លាយឡំនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដោយកន្លែង។
ក្នុងរយៈពេល ២០ថ្ងៃ ដើមខែកក្កដា ឆ្នាំ២០២១នេះ ខ្យល់កន្ត្រាក់ បានកើតឡើង ២២លើក ក្នុង ១៤រាជធានី-ខេត្ត ដែលបានបណ្តាលឱ្យរលំនិងខូចខាតផ្ទះធ្ងន់ធ្ងរ ១៤៣ខ្នង របើកដំបូល និងខូចខាតមធ្យម ១,១៩៨ខ្នង និង របួសមនុស្ស ៣នាក់ និងរន្ទះបាញ់ បានសម្លាប់មនុស្ស ៤នាក់ និងរបួស ១នាក់។
ទន្ទឹមនោះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីការត្រៀមបម្រុង យ៉ាងម៉ឺងម៉ាត់របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងការឆ្លើយតបគ្រោះមហន្តរាយក្នុងរដូវវស្សានេះ ដោយគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ៖
+ បានចាត់តាំងនាយកដ្ឋានជំនាញចុះទៅបើកវគ្គបណ្តុះបណ្តាល ស្តីពី ‹‹ការពង្រឹងសមត្ថភាពសម្រាប់ត្រៀមឆ្លើយតបសង្គ្រោះបន្ទាន់ទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ›› និងផ្សព្វផ្សាយ ការយល់ដឹងអំពីខ្យល់ កន្ត្រាក់ រន្ទះបាញ់ និងប្រព័ន្ធផ្តល់ព័ត៌មានរហ័ស ជូនគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយ ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៅតាម បណ្តាខេត្តនៅតាមដងទន្លេមេគង្គ និងជុំវិញបឹងទន្លេសាប ដើម្បីត្រៀមលក្ខណៈជាមុនឱ្យបានម៉ឹងម៉ាត់បំផុត ក្នុងការឆ្លើយតបគ្រោះ មហន្តរាយ ក្នុងរដូវវស្សានេះ
+ បាននឹងកំពុងធ្វើបច្ចុប្បន្នភាពផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតប ទឹកជំនន់ឆ្នាំ២០២១
+ បានបំពាក់ឧបករណ៍-សម្ភារៈសង្គ្រោះគ្រោះមហន្តរាយ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជូនដល់កងប្រតិបត្តិការ រុករកសង្គ្រោះ ចំនួន ១០កងបន្ថែម ដើម្បីត្រៀមលើការងារសង្គ្រោះ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បាន អំពាវនាវដល់សាធារណជន ពិសេស បងប្អូន ប្រជានេសាទ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ដែលអាចកើតឡើង ជាយថាហេតុ និងសូមឱ្យបងប្អូនប្រជាជន៖
+ ចុះឈ្មោះប្រើប្រាស់ប្រព័ន្ធ ១២៩៤ ដែលជាប្រព័ន្ធផ្តល់ដំណឹងជាមុន តាមរយៈសារសំលេងទូរស័ព្ទ ដើម្បីទទួលបាននូវដំណឹងទាន់ហេតុការណ៍អំពីគ្រោះមហន្តរាយ
+ តាមដានជាប្រចាំនូវសេចក្តីជូនដំណឹងរបស់ក្រសួងជំនាញ និងប្រព័ន្ធផ្សព្វផ្សាយរបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ ដើម្បីត្រៀមលក្ខណៈជាមុន ក្នុងករណីមានគ្រោះមហន្តរាយ ណាមួយកើតឡើងជាយថាហេតុ ។
រូបភាព សកម្មភាពប្រតិបត្តិការសង្គ្រោះក្នុងអំឡុងពេលជំនន់ទឹកភ្លៀង នាខែតុលា ឆ្នាំ២០២០ ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម៖