ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន ក្រោយបានធ្វើសកម្មភាពលួចលុយគេបាន១២លាន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចវីងវេលុយឈ្មោះហ៊ុយ ធារី និងផ្ទះឈ្មោះសំ សម្បត្តិ ភូមិព្រែកក្រូច ឃុំភូមិធំ ស្រុកល្វាឯម ខេត្តកណ្តាល ហើយរត់ទៅសម្ងំលាក់ខ្លួនបាន៥ថ្ងៃ ក៏ត្រូវចាប់ខ្លួនបាននៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ
១-ឈ្មោះហ៊ុយ ធារី ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ទីលំនៅភូមិព្រែកក្រូច ឃុំភូមិធំ ស្រុកល្វាឯម ខេត្តកណ្តាល ។
២-ឈ្មោះសំ សម្បត្តិ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងតុទូទីលំនៅភូមិព្រែកក្រូច ឃុំភូមិធំ ស្រុកល្វាឯម ខេត្តកណ្តាល ។
ជនរងគ្រោះទាំង២នាក់ បានបាត់បង់ប្រាក់រៀល ចំនួន១២លានរៀល , ទូរសព្ទដៃម៉ាកOPPO ពណ៌ខ្មៅចំនួន ០១ គ្រឿង។
ចំណែកជនសង្ស័យមានឈ្មោះ អាន ភារៈ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅភូមិព្រែកតាសរ ឃុំព្រែកតាសរ ស្រុកពោធិរៀង ខេត្តព្រៃវែង។ ដកហូតបាន ទូរសព្ទដៃម៉ាកOPPO F9 ពណ៌ទឹកប៊ិចចំនួន ០១ គ្រឿង (របស់ជនសង្ស័យ), ទូរសព្ទដៃម៉ាកOPPO ពណ៌ខ្មៅចំនួន ០១ គ្រឿង (របស់ជនរងគ្រោះ) និងប្រាក់រៀលចំនួន ០៨លានរៀល (របស់ជនរងគ្រោះ)ដែលនៅសល់ផងដែរ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕