រាជធានីភ្នំពេញ ៖ សពបុរសម្នាក់ ដែលសមត្ថកិច្ចបញ្ជាក់ថា បានលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារកាលពី៤ថ្ងៃមុន បន្សល់ទុកតែម៉ូតូសណ្តោងរ៉ឺម៉កនិងស្បែកជើងមួយគូរនោះ ពេលនេះត្រូវបានប្រជាពលរដ្ឋប្រទះឃើញ អណ្តែតទឹកទន្លេសាប និងបានរសាត់មកទើនឹងច្រាំងទន្លេ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណ១០និង៣០នាទីព្រឹកថ្ងៃទី២២ ខែ កក្កដា ឆ្នាំ ២០២១ នៅចំណុចច្រាំងទន្លេសាប ក្រោយផ្ទះអ្នកភូមិ ក្នុងភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ។
ក្រុមគ្រួសារសពបានឲ្យដឹងថា សពបុរសរូបនោះមានឈ្មោះ ងុន កក្កដា អាយុ២៩ឆ្នាំ ស្នាក់នៅភូមិព្រះ ឃុំអន្លុង ស្រុកត្រាំង ខេត្តតាកែវ។
សូមបញ្ជាក់ផងដែរថា កាលពីរសៀល ថ្ងៃទី១៨ ខែ កក្កដា ឆ្នាំ ២០២១ មានបុរសម្នាក់ ជិះម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ពាក់ស្លាកលេខ សៀមរាប 1E-2599 មកឈប់នៅលើស្ពាន ជ្រោយចង្វរ ហើយចុះពីលើម៉ូតូ រួចធ្វើសកម្មភាព លោតទឹកសម្លាប់ខ្លួនពីលើស្ពានធ្លាក់ចូលទឹកបាត់ស្រមោល ដោយបន្សល់ទុកម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងនិង ស្បែកជើងផ្ទាត់ពណ៌ស្វាយមួយគូរនៅលើស្ពាន ដោយមិនដឹងថាមានវិបត្តិអ្វី ឬបញ្ហាផ្ទាល់ខ្លួន ក៏ដូចជាបញ្ហាគ្រួសារនោះទេ ។
ជាក់ស្តែង នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីប្រជាពលរដ្ឋក៏ដូចជាអ្នកនេសាទ បានប្រទះឃើញសព បុរសរូបនោះអណ្តែត ក្បែរច្រាំងទន្លេ ក៏បានដឹងដល់ក្រុមគ្រួសារដែលតាមស្វែងរក ក៏បានធ្វើដំណើរមកដល់ចំណុចទីតាំងកើតហេតុ រួចបានប្រាប់សមត្ថកិច្ចថា សពអណ្តែតទឹកនេះជាក្រុមគ្រួសាររបស់គាត់ ហើយគាត់បន្ថែមថា គាត់មានវិបត្តិដោយសារតែមានជំងឺសរសៃប្រសាទ ចំនួន២ឆ្នាំមកហើយ ហើយនៅមុនពេលកើតហេតុ គាត់បានប្រាប់គ្រួសារថាមកទិញសម្លៀកបំពាក់នៅទីក្រុងភ្នំពេញ ប៉ុន្តែបែរជាគាត់ជិះម៉ូតូសណ្តោងរ៉ឺម៉ករបស់គាត់មកលោតទឹកសម្លាប់ខ្លួនរហូតបានស្លាប់បាត់បង់ជីវិតទៅវិញ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះមកដល់ចំណុចភ្ញាក់ផ្អើល និងបានធ្វើកំណត់ហេតុជាមួយក្រុមគ្រួសារសព រួចប្រគល់សព ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕