រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តធុនធំមួយគ្រឿង ប្រភេទបែនដឹកខ្សាច់ បានបុកជាមួយរថយន្តមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាត រួចហើយក៏រេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ ពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងណាស់ ក្នុងករណីនេះគ្មាននរណាម្នាក់ រងរបួសនោះទេ ។
ហេតុការណ៍នេះបានកើតឡើងកាលពី២ និង៤០នាទី រសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចមហាវិថីវិមានឈ្នះឈ្នះ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តដឹកខ្សាច់មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-1679 បើកបរក្នុងទិសដៅពីលិចទៅកើត រួចក៏បានរេចង្កូតរថយន្តមកខាងឆ្វែងដៃ បើកហោះឡើងសួនច្បារចែកទ្រូងផ្លូវ មកបុករថយន្តមួយគ្រឿង ម៉ាក Sports ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AY-5262 ដែលបើកបរបញ្ច្រាស់គ្នា ចំចំហៀងខាងក្រោយ បណ្តាលឲ្យរងការខូចខាត រួចហើយ រថយន្តបែនដឹកខ្សាច់នោះ ក៏បន្តទៅបុកចូលផ្ទះប្រជាពលរដ្ឋថែមទៀត គាំងជាប់តែម្តង ចាត់ទុកថាសំណាងណាស់ ដែលហេតុការណ៍ដ៍រន្ធត់នេះគ្មានអ្នករងរបួស ។
ដោយឡែកប្រភពព័ត៌មានពីប្រជាពលរដ្ឋផ្សេងទៀតបានលើកឡើងផ្សេងគ្នាថា គេបានឃើញរថយន្តទាំង២គ្រឿងនេះ បើកបរក្នុងទិសដៅស្របទិសគ្នា លុះដល់ចំណុចកើតហេតុ រថយន្តបែនដឹកខ្សាច់នោះ បានបើកមកខោកគូទរថយន្ត ម៉ាក Sports ចំចំហៀងបណ្តាលឲ្យរងការខូចខាត រួចក៏រេចង្កូតមកបុកចូលផ្ទះប្រជាពលរដ្ឋតែម្តង ។
ប៉ុន្តែទោះជាយ៉ាងណា បន្ទាប់ពីកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាលមូលដ្ឋាន សហការជាមួយនគរបាលចរាចរណ៍ក្រុង បានចុះមកធ្វើការវាស់វែង ថាតើរថយន្តទាំង២គ្រឿងនេះ បើកបរក្នុងស្ថានភាព និងទិសដៅបែបណា? និងបានធ្វើការវាស់វែង យករថយន្តទាំង២ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕