រថយន្តកុងតឺន័រ បុករង្វង់មូលរូបក្រពើ រងការខូចខាត អ្នកបើកបរភ័យពេកចុះរត់បាត់..
សន្តិសុខសង្គម
191

ខេត្តស្វាយរៀង៖ គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់មួយ បានកើតឡើងរវាងរថយន្តកុងតឺន័រ បានបើកបុករង្វង់មូលរូបក្រពើ នៅវេលាម៉ោងប្រមាណជា១០ និង ២០ នាទីយប់ នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១ នៅទល់មុខសាលាស្រុកកំពង់រោទិ៍ ក្នុងភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបង្កហេតុខាងលើ ជាប្រភេទរថយន្តដឹកកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3D-2243 របស់ក្រុមហ៊ុនស៊ីខេ (CK) បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្ដសញ្ញាណ តាមបណ្តោយផ្លូវជាតិលេខ ៣១៤D ក្នុងទិសដៅពីជើងមកត្បូង ។ លុះមកដល់ចំណុចកើតហេតុសង្ស័យថា តៃកុងរថយន្តមិនស្គាល់ស្ថានភាពភូមិសាស្ត្រ ជាចំណុចប្រសព្វដែលមានរង្វង់មូលរូបក្រពើនៅចំកណ្តាលផ្លូវ បូករួមទាំងងងឹតនោះ រថយន្ដខាងលើ ក៏ជ្រុលមកបុករង្វង់មូលរូបក្រពើតែម្ដង ទើបបណ្ដាលឲ្យខូចខាតគ្រឹះរូបក្រពើព្រមទាំងបណ្ដាលឲ្យរថយន្តខូចខាតផ្នែកខាងមុខទាំងស្រុងមិនអាចទៅមុខទៀតបាន។

ក្រោយកើតហេតុ តៃកុងរថយន្តបានរត់គេចខ្លួនបាត់ បន្សល់ទុកនូវរថយន្តនៅនឹងកន្លែងរាប់ម៉ោង គេមិនទាន់ឃើញមានរថយន្តស្ទូចយកទៅណាទេ។

សូមបញ្ជាក់ផងដែរថា៖ រង្វង់មូលរូបក្រពើនៅស្រុកកំពង់រោទិ៍នេះ ទើបតែកសាងសារជាថ្មីរួច ប៉ុន្តែមិនទាន់បានសម្ពោធជាផ្លូវការនោះទេ តែចៃដន្យក៏ត្រូវបានរថយន្តកុងតឺន័របុកបណ្តាលឲ្យខូចខាតគ្រឹះរូបសំណាកក្រពើអស់មួយចំហៀងទៅហើយ ៕ 


Telegram