ខេត្តត្បូងឃ្មុំ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយមានយុវជនម្នាក់ បានជិះម៉ូតូZoomer-X រួចឈប់ម៉ូតូឡើងលើបង្កាន់ដៃ លោតទឹកសម្លាប់ខ្លួនពីលើស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ លិចបាត់ឈឹង សល់តែស្បែកជើង ទូរសព្ទ និងម៉ូតូ នៅនឹងកន្លែងកើតហេតុតែប៉ុណ្ណោះ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៤០នាទីល្ងាច ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូដែលជនរងគ្រោះជិះមកលោតទឹកនេះ ម៉ាក Zoomer-X ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GA-7439 បានជិះមកឈប់នៅត្រង់ចំណុចខាងលើ រួចឡើងលើបង្កាន់ដៃស្ពានលោតចុះទៅក្រោម លិចបាត់ទៅតែម្តង សល់តែម៉ូតូ ខ្សែកប្លាទីន១ខ្សែ, ចិញ្ចៀនប្លាទីន១វង់, ប្រាក់រៀលចំនួន៧.៥០០៛និង ស្បែកជើង ១គូ តែប៉ុណ្ណោះ ។
ក្រោយកើតហេតុភ្លាមៗ កម្លាំងជំនាញ សហការជាមួយកម្លាំងប្រចាំការនៅគល់ស្ពាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទ្រា បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា តាមការបំភ្លឺរបស់ឈ្មោះ អៀង ប៊ុនថេង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងសំណង់ ត្រូវជាបងជីដូនមួយ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស៊ីម ភារុន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិប្រិយ៍ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានវិបត្តិផ្លូវចិត្ត បែកបាក់គ្រួសារដែលទើបរៀបការថ្មីថ្មោងបានរយៈពេលជាង៣ខែ ហើយនៅថ្ងៃកើតហេតុជនរងគ្រោះបានផ្ញើសារទៅគ្រប់គ្នាថា« អហោសិកម្មឲ្យខ្លួនផង» រួចក៏បិទទូរស័ព្ទទាក់ទងលែងបាន ហើយក៏បាត់មនុស្សឈឹងតែម្តង រហូតដល់ម៉ោងកើតហេតុ ទើបដឹងថាប្អូនបានមកលោតទឹកសម្លាប់ខ្លួននៅទីនោះ។
រហូតមកទល់ពេលនេះ សពជនរងគ្រោះនៅមិនទាន់រកឃើញនៅឡើយទេ ខណៈសមត្ថកិច្ចជំនាញ និងក្រុមគ្រួសារកំពុងធ្វើការរុករកបន្ត ។ ចំណែកសម្ភារៈជនរងគ្រោះដែលនៅសល់ គឺសមត្ថកិច្ចប្រគល់ឲ្យបងជីដូនមួយជនរងគ្រោះសិន ដើម្បីយកទៅរក្សាទុកជាបណ្តោះអាសន្នចាំគ្រួសារមកយក៕