ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការ ចុះបង្ក្រាបទីតាំងមួយកន្លែង ដោយឃាត់ខ្លួនក្រុមជនសង្ស័យ ជាជនជាតិចិន ចំនួន៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិត ។
ការចុះបង្ក្រាបនេះ បានធ្វើឡើងនៅវេលាម៉ោង ៤និង៣០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចក្នុងបុរីគុជអាស៊ី ដែលមានទីតាំងក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ក្នុងរង្វង់ប្រតិបត្តិការនេះដែរ លោក ជួន ណារិន្ទ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានប្រាប់មកកាន់ អង្គភាព TVFB នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បញ្ជាក់ថា ពិតជាមានករណីចាប់ជាក់ស្តែង ទៅលើជនជាតិចិន ចំនួន៤នាក់ ពិតមែន ដែលពាក់ព័ន្ធនឹងករណីចាប់ជំរិត ខណៈសមត្ថកិច្ចក៏បានរំដោះបានជនរងគ្រោះម្នាក់ផងដែរ ។
ទោះបីជាយ៉ាងណា លោក ជួន ណារិន្ទ បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្នក្រុមចោរចាប់ជំរិត ទាំង៤នាក់ខាងលើនេះ គឺត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ដើម្បីអនុវត្តទោសតាមច្បាប់ ៕