បុរសម្នាក់ បើករថយន្តMazda បោះពួយលឿន រេចង្កូតបុកបង្គោលភ្លើងបាក់១ដើម ខូចខាតយ៉ាងដំណំ
សន្តិសុខសង្គម
171

រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តMazda មួយគ្រឿង ក្នុងល្បឿនលឿនរេចង្គូតបុកបង្គោលភ្លើងបណ្តាលអោយបាក់ដាច់ ១ដើម និងរថយន្តរងការខូចខាតនៅផ្នែកខាងមុខ តែសំណាងល្អមិនបណ្ដាលអោយមានមនុស្សរងរបួសឡើយ។

ហេតុការណ៍នេះបានកើតឡើងនាម៉ោង ៣និង៥០នាទីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១តាមបណ្ដោយផ្លូវបេតុង (ផ្លូវលេខ១៨០០) ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។

តាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុគេឃើញមានបុរសម្នាក់បើករថយន្តម៉ាក Mazda ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-8716 បើកបរតាមបណ្ដោយ ផ្លូវបេតុង (ផ្លូវលេខ១៨០០) ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតមកខាងស្តាំ បុកបង្គោលភ្លើងដាច់បាក់១ដើម ហើយអូសបង្គោលភ្លើងពីក្រោមរថយន្តទៅបុកគាបជាប់និងគុម្ពព្រៃ ទៅមុខលែងរួច បណ្ដាលអោយរថយន្តរងការខូចខាតផ្នែកខាងមុខ និងផ្ទុះពោងសុវត្ថិភាព តែមិនបណ្ដាលអោយមានមនុស្សរងរបួសនោះឡើយ។

ក្រោយពេលកើតហេតុនគរបាលមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ បានឃាត់ខ្លួនម្ចាស់រថយន្តទៅប៉ុស្តិ៍នគរបាលដើម្បីសួរនាំ។ ចំណែករថយន្តត្រូវបាននគរបាលចរាចរណ៍ស្ទួនយកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕


Telegram