រាជធានីភ្នំពេញ ៖ រថយន្ត កុងតឺន័រមួយគ្រឿង រេចង្កូតទៅបុករថយន្តទុកចោលនៅមុខផ្ទះ និងបន្ដបុកចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលអោយរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពពីសមត្ថកិច្ចខណ្ឌច្បារអំពៅ បានអោយដឹងថា សមត្ថកិច្ចបានសាកសួរទៅម្ចាស់រថយន្ដកុងតឺន័រមួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 3B-1219 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ រថយន្ដកុងតឺន័រក៏បានរេចង្កូតទៅបុករថយន្ដ Vios មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2R 6516 ដែលឈប់នៅមុខផ្ទះបងប្អូនប្រជាពលរដ្ឋ បណ្ដាលអោយខូចខាតយ៉ាងដំណំ ពេលនោះរថយន្ដមិនទាន់អស់ល្បឿនក៏បានបុកចូលទៅក្នុងផ្ទះថែមទៀតភ្លាមនោះសមត្ថកិច្ចក៏បានមកដល់។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងសមត្ថកិច្ចជំនាញចរាចរណ៍របស់ស្នងការនគរបាលរាជធានីភ្នំពេញធ្វើការវាស់វែង និងស្ទូចរថយន្តយកទៅរក្សាទុកនៅស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលមកដោះស្រាយទៅតាមផ្លូវច្បាប់ បន្តទៀត៕