មេតាណុល និងអេតាណុលចំនួន ១០៣០កាន ស្មើនឹង ៣០,៩០០លីត្រ ត្រូវបានសមត្ថកិច្ចបង្ក្រាបបាននៅរាជធានីភ្នំពេញ
សន្តិសុខសង្គម
212

រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានទទួលករណីសង្ស័យលើការចរាចរអាល់កុលក្លែងក្លាយលើទីផ្សារ នៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. ដោយទទួលបានការណែនាំពីឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានក.ប.ប. បានចុះអង្កេតតាមបណ្តោយផ្លូវ ៣៧១ លើមធ្យោបាយដឹកជញ្ជូនជាម៉ូតូកង់បី និងរថយន្តដឹកអាល់កុល។

ជាលទ្ធផលជាក់ស្តែងពិនិត្យឃើញថា ជាសារធាតុមេតាណុល ហើយឃាត់បាន ម៉ូតូកង់បី ៤គ្រឿង និងរថយន្តកូរ៉េ ១គ្រឿងសរុបមានអាល់កុលចំនួន ១១២កាន ស្មើនឹង ៣.៣៦០លីត្រ។

បន្ទាប់ពីបានធ្វើកំណត់ហេតុមន្រ្តីជំនាញបានបញ្ជូនមធ្យោបាយជាវត្ថុតាងទៅរក្សាទុកនៅអគ្គនាយកដ្ឋានជាបឋម ហើយបានកំណត់មុខសញ្ញាទីតាំងឃ្លាំងស្តុកទុក ចែកចាយ ដោយតាមឃ្លាំមើលជាប្រចាំ។

លុះព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. បានរៀបចំនីតិវិធីចុះឆែកឆេរទីតាំងស្កុក ដោយមានការឯកភាពពីឯកឧត្តមព្រះរាជអាជ្ញាបានចុះត្រួតពិនិត្យ ដកហូតនិងឃាត់ទុកបណ្តោះអាសន្ន មេតាណុល និងអេតាណុលសរុបចំនួន ១០៣០កាន ស្មើនឹង ៣០.៩០០លីត្រ នៅទីតាំងស្តុកទុកមួយកន្លែងស្ថិតក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចចម្រុះសម្រេចបិទសៀលឃ្លាំងជាបណ្តោះអាសន្ន ដើម្បីដោះស្រាយតាមផ្លូវច្បាប់។ ប្រតិបត្តិការនេះ ប្រព្រឹត្តទៅដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF


Telegram