ខេត្តកណ្ដាល ៖ យោងតាមផេក និងគេហទំព័រផ្លូវការរបស់ ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី មានករណីអំពើលួច (មិនរាងចាល) នៅចំណុច ក្នុងផ្សារឡាក់គីភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហែម ទេពតារា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកផ្សារឡាក់គី មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ចំណែកជនសង្ស័យឈ្មោះ យ៉ា ស្រីដា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលភូមិផ្សារសាមគ្គី សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។
ក្នុងនោះសមត្ថកិច្ចដកហូតបាន ៖
១-ម្សៅទឹកដោះគោកូនក្មេង ចំនួន១កំប៉ុង (របស់ជនរងគ្រោះ)។
២-កាបូបស្ពាយពណ៍ខ្មៅ(របស់ជនសង្ស័យ)។
៣-លុយខ្មែរចំនួនមួយម៉ឺនរៀល(របស់ជនសង្ស័យ)។
៤-ទូរសព្ទ័១គ្រឿងម៉ាក samsung (របស់ជនសង្ស័យ)។
សូមបញ្ជាក់ថា កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យបានដើរចូលក្នុងផ្សារទំនើបឡាក់គី ហើយបានបន្លំលួចម្សៅទឹកដោះគោកូនក្មេង ចំនួន១កំប៉ុង យកដាក់ក្នុងកាបូបស្ពាយពណ៌ខ្មៅ ហើយចេញមកក្រៅផ្សារវិញ ក៏ត្រូវសន្តិសុខនិងបុគ្គលិកចាប់ខ្លួនបាន ។ ក្រោយមកក៏ត្រូវបានសន្តិសុខផ្សារឡាក់គី និងបុគ្គលិកបញ្ជូនមកអធិការដ្ឋានចាត់ការតាមនិតិវិធីតែម្តង។
តាមចម្លើយរបស់ជនសង្ស័យបានប្រាប់ថា៖ គាត់ពិតជាបានធ្វើសកម្មភាពលួចម្សៅទឹកដោះគោរបស់ផ្សារឡាក់គីបាន១កំប៉ុងពិតប្រាកដមែន ព្រោះដើម្បីយកទៅអោយលោកយាយគាត់ឈ្មោះ ពិត អាយុ៦៣ឆ្នាំ មានជំងឺហូបបាយមិនកើត ហើយគាត់បានប្រាប់ទៀតថា ៖ គាត់ធ្លាប់បានធ្វើសកម្មភាពលួចម្សៅទឹកដោះគោនៅផ្សារឡាក់គីចំនួន២ដងរួចមកហើយ តែដោយសារគេអាណិតក៏បានធ្វើកិច្ចសន្យាដោះលែងទៅវិញ លុះមកលួចលើកទី៣ក៏ត្រូវគេចាប់ខ្លួនប្រគល់អោយសមត្ថកិច្ចតែម្តង។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕