ក្រុងព្រះសីហនុ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពចូលលួចយកទ្រព្យសម្បត្តិអស់ជាច្រើន ហើយរត់គេចខ្លួនបាត់អស់ស្រមោល បង្កការភ្ញាក់ផ្អើលនៅម៉ោងជាង៩យប់ ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១ ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
តាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ចន្លោះក្រោមម៉ោង ៩យប់ ជនរងគ្រោះបានទៅលក់ផ្លែឈើ ហើយបានទុកកូនស្រីរបស់គាត់ឲ្យនៅមើលផ្ទះ។ លុះត្រឡប់មកវិញនៅម៉ោង៩ជាង បានឡើងទៅក្នុងបន្ទប់ជាន់ទី១ធម្មតា ប៉ុន្តែទ្វារបន្ទប់បានចាក់សោបាត់ទៅហើយ។ ពេលនោះជនរងគ្រោះ បានស្រែកសួរកូនស្រីរបស់គាត់ថា តើនរណាជាអ្នកចាក់សោរបន្ទប់ បន្ទាប់មកកូនស្រីរបស់ជនរងគ្រោះបានឆ្លើយមកវិញថា មិនបានចាក់សោបន្ទប់ទេ។
ភ្លាមៗជនរងគ្រោះបានស្ទុះរត់ទៅបុកទ្វារទម្លុះចូលស្រាប់តែឃើញឯកសារមួយចំនួននៅក្នុងថតតុរាយប៉ាយពេញក្នុងបន្ទប់ ដោយសង្ស័យមានចោរគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិគាត់ ទើបស្រែកឆោឡោឲ្យគ្រួសារមកជួយ ដោយមិនដឹងថា ចោរនោះមានគ្នាប៉ុន្មាននាក់នោះទេ និងប្រញាប់ ទំនាក់ទំនងទៅសមត្ថកិច្ចប៉ុស្តិ៍សង្កាត់លេខ៤ ឲ្យចុះជួយអន្តរាគមន៍ក្នុងករណីខាងលើ ។
គួរបញ្ជាក់ផងដែរថា ជនរងគ្រោះបានប្រាប់មកអង្គភាព TVFB ឲ្យដឹងថា ទ្រព្យសម្បត្តិដែលជនរងគ្រោះបានបាត់បង់មានដូចជា៖ មាសចំនួន ២០ តម្លឹង , ប្លាទីនចំនួន ៦ តម្លឹង, លុយបាតចំនួន ២ម៉ឺនបាត, លុយខ្មែរចំនួន ២០លាន, ខ្សែកពេជ្រចំនួន ១ ខ្សែ , ចិញ្ចៀនពេជ្រ ២ វង់, ក្រវិលពេជ្រ ១គូ, លុយដុល្លារ ៥,០០០ ដុល្លារ។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលកំពុងបើកប្រតិបត្តិការស្វែងរកជនសង្ស័យខាងលើ យកមកផ្ដន្ទាទោសតាមនីតិវិធីផ្លូវច្បាប់៕