អន្តរជាតិ៖ សារព័ត៌មាន Channel News Asia បាននៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ថា សហគមន៍អន្តរជាតិ បានទទួចឲ្យមានការអត់ធ្មត់ បន្ទាប់ពីហោចណាស់អ្នកតវ៉ា១១នាក់ត្រូវបានសម្លាប់បន្ថែមទៀត ខណៈបាតុករកាន់តែច្រើនបាននាំគ្នាចេញតវ៉ាតាមដងផ្លូវ ដើម្បីទាមទារឲ្យស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ បើទោះជាមានការបង្ក្រាបពោរពេញដោយថ្លុកឈាមពីរដ្ឋាភិបាលយោធាក៏ដោយ។
អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក ប្រទេសចិន និងចក្រភពអង់គ្លេស បានថ្កោលទោស ចំពោះហិង្សា ខណៈអង្គការសហប្រជាជាតិបាននិយាយថា យ៉ាងហោចណាស់អ្នកតវ៉ាដោយសន្តិវិធី២១៧នាក់ហើយត្រូវបានសម្លាប់ ក្នុងនោះមានទាំងស្ត្រី កុមារ និងព្រះសង្ឃ ចាប់តាំងពីឧត្តមសេនីយ៍បានបណ្តេញមេដឹកនាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី១ កុម្ភៈ។
ទោះបីជាយ៉ាងណា រហូតដល់ពេលនេះ ឧត្តមសេនីយ៍មីយ៉ាន់ម៉ាគ្មានសញ្ញាណាមួយដែលបង្ហាញពីការអត់ធ្មត់ឡើយ។ កាលពីថ្ងៃអាទិត្យ ដែលជាថ្ងៃថ្លុកឈាមបំផុតដែលមនុស្សជិត៤០នាក់ត្រូវបានសម្លាប់ដោយកម្លាំងសន្តិសុខ។
ប៉ុន្តែការសម្លាប់នោះមិនបានបញ្ឈប់បាតុករឡើយ ពួកគេនៅតែបន្តចេញមកតវ៉ាទៀត។ នេះបើតាមសាក្សីបាននិយាយថា អ្នកស្លាប់ត្រូវបានបាញ់សម្លាប់នៅទីកន្លែងផ្សេងៗគ្នានៅទូទាំងប្រទេស។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Jalina Porter បានប្រាប់អ្នកកាសែតថា៖«យោធាមីយ៉ាន់ម៉ាបានឆ្លើយតបចំពោះការអំពាវនាវឲ្យស្តារលទ្ធិប្រជាធិបតេយ្យនៅភូមាដោយគ្រាប់កាំភ្លើង»។
លោកស្រីបាននិយាយថា ៖«សហរដ្ឋអាមេរិកបន្តអំពាវនាវឲ្យគ្រប់ប្រទេសទាំងអស់ចាត់វិធានការម៉ឺងម៉ាត់ដើម្បីប្រឆាំងនឹងរដ្ឋប្រហារ»។
លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិរាប់ទាំងអ្នកដើរតួនៅក្នុងតំបន់ចេញមកសាមគ្គីជាមួយប្រជាជនមីយ៉ាន់ម៉ា និងសេចក្តីប្រាថ្នាលទ្ធិប្រជាធិបតេយ្យរបស់ពួកគេ។
លោកបាននិយាយថា«យើងបានឃើញទិដ្ឋភាពកាលពីចុងសប្តាហ៍ដែលពោរពេញទៅដោយការបង្ហូរឈាម ។ លោកក៏បានអំពាវនាវជាថ្មីដល់សហគមន៍អន្តរជាតិឲ្យបង្ហាញសាមគ្គីភាពជាមួយប្រជាជនមីយ៉ាន់ម៉ា និងស្ដារប្រជាធិបតេយ្យឡើងវិញ» ។ ស្របពេលជាមួយគ្នានេះ លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើហិង្សាដែលកំពុងបន្តប្រឆាំងនឹងក្រុមអ្នកតវ៉ាដោយសន្តិវិធី និងការបន្តរំលោភសិទ្ធិមនុស្សជាមូលដ្ឋានបំផុតរបស់ប្រជាជនមីយ៉ាន់ម៉ា ។
យ៉ាងណាមិញ យោធាបានត្រៀមខ្លួនរួចជាស្រេចដើម្បីដើរតួនាទីកាន់តែធំក្នុងការបង្ក្រាប ។ យោធានេះបានប្រកាសពីច្បាប់អាជ្ញាសឹកនៅក្នុងតំបន់មួយចំនួននៃទីក្រុងយ៉ាំងហ្គោនជាកន្លែងដែលអំណាចរដ្ឋបាល និងតុលាការ ឥឡូវនេះស្ថិតនៅក្នុងដៃរបស់យោធា ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះមនុស្សជាង ២,០០០ នាក់ត្រូវបានចាប់ឃុំខ្លួននៅទូទាំងប្រទេសដោយកងកម្លាំងយោធាមីយ៉ាន់ម៉ាក្នុងនោះរួមទាំងទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី លោកប្រធានាធិបតី U Win Myint និងឥស្សរជនជាន់ខ្ពស់ជាច្រើនទៀតនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ៕