រាជធានីភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តកំពុងបើកឆ្លងផ្លូវបណ្ដាលអោយរងរបួសធ្ងន់ត្រូវបានរថយន្តមន្ទីរពេទ្យឯកជនដឹកយកទៅជួយសង្គ្រោះភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤នឹង៣០នាទីរសៀលថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក KAI ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 2AM- 1947 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងភ្លឺប្រឡាយក្នុងទិសដៅពីលិចមកកើតខណៈមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួនបានបើកឆ្លងផ្លូវស្របពេលក៏មានម៉ូតូមួយគ្រឿងម៉ាកវីវ៉ាពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម1B- 8825 ជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ ម៉ែត្រក្នុងទិសដៅពីជើងមកត្បូងតែម្នាក់ឯងក្នុងល្បឿនលឿនបានបុកចំហៀងរថយន្តខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យរងរបួសបាក់ជើងត្រូវបានរថយន្តមន្ទីរពេទ្យឯកជនដឹកយកទៅជួយសង្គ្រោះ ចំណែកម៉ូតូរួញមួយកំណត់មុខ ហើយរថយន្តរងការខូចខាតយ៉ាងដំណំផងដែរ រីឯអ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុធ្វើការបាញ់ថ្នាំគូសវាសយករថយន្តនិងម៉ូតូដាក់អែបខាងនឹងធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។មេសា