រាជធានីភ្នំពេញ ៖ រថយន្ត ម៉ាក MINI Coper មួយគ្រឿង បុកពីក្រោយរថយន្តTACOMA បណ្តាលឲ្យខ្ទេចក្បាលខាងមុខ យ៉ាងដំណំ តែសំណាងល្អ គ្មានអ្នករបួស បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១១ យប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន ពីម្ចាស់រថយន្តTacoma មួយគ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ 2X-7593 បើកបរដោយអ៊ំប្រុសម្នាក់ ដឹកប្រពន្ធកូននិងចៅធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងម៉ាក MINI Copers ពាក់ស្លាកលេខ ភ្នំពេញ 2X-5010 បានបុកចំពីក្រោយមួយទំហឹង បណ្ដាលឲ្យរថយន្ត Tacoma រងការខូចខាតបន្តិចបន្តួច ចំពីក្រោយ។ ចំណែកឯរថយន្តMINI Copers ខ្ទេចមួយកំណាត់ខាងមុខ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ទៅមុខលែងរួច ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានរបស់អធិការដ្ឋាននគរបាលខណ្ឌចំការមន បានឲ្យភាគីអាសង់ខាងចរចាគ្នា ដោយរថយន្តMINI Copers សងទៅរថយន្ដ Tacoma ចំនួន ១០០ដុល្លារដើម្បីបញ្ចប់រឿង ៕