រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអ៊ុតកៅស៊ូAC កម្រាស់០.៥ លើកំណាត់ផ្លូវសម្តេចប៉ានសង្កាត់បឹងរាំង ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដើម្បីដាក់ឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរងាយស្រួលនិងដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញឱ្យកាន់តែស្រស់បំព្រងផងដែរ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ការអ៊ុតកៅស៊ូលើកំណាត់ផ្លូវនេះធ្វើឡើងក្រោយពីក្រុមការងារបានជួសជុលសំបុកមាន់ ធ្វើគ្រឹះរួចរាល់ បន្ទាប់ពីខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមកនេះ។ ក្នុងរដូវប្រាំងនេះ រដ្ឋបាលរាជធានីភ្នំពេញបានយក ចិត្តទុកដាក់លើការជួសជុលផ្លូវ លុបជង្ហុកសំបុកមាន់ នៅតាមបណ្ដា មហាវិថីតូច ធំ មួយចំនួននៅក្នុងមូលដ្ឋានទាំង១៤ខណ្ឌ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍និងដើម្បីជាការលើកសោភ័ណភាពរាជធានីភ្នំពេញផងដែរ។ សំរាប់មូលដ្ឋានខណ្ឌដូនពេញ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដំណើរការអ៊ុតកៅស៊ូប្រភេទAC ចំនួន១៦ខ្សែ ដែលរងការខូចខាត ដោយជំនន់ទឹកភ្លៀង ហើយ ដែលត្រូវជួសជុលនិងអ៊ុតកៅស៊ូឡើងវិញ។
ជាក់ស្ដែងនៅពេលនេះក្រុមការងារបាននិងកំពុងធ្វើសកម្មភាពអ៊ុតកៅស៊ូAC នៅលើបណ្តោយផ្លូវសម្តេចប៉ាន មានប្រវែងជិត១គីឡូម៉ែត្រ ពោលគឺចាប់ពី ក្រោយព្រះបរមរាជវាំង រហូតដល់ផ្លូវព្រះមុនីវង្ស(ស្តុបផ្លូវភ្លោះអូរប្ញស្សី ) មានទទឹងចន្លោះពី១១ម៉ែត្រទៅ១៥ម៉ែត្រ ដោយសារតែស្ថានភាពផ្លូវខុសគ្នា។ ដោយឡែកកៅស៊ូដែលត្រូវអ៊ុតថ្មីនេះមានកម្រាស់៥សង់ទីម៉ែត្រទៅ៦សង់ទីម៉ែត្រ តាមស្ថានភាពផ្លូវមានឡើងមានចុះ។ ប៉ុន្តែជាផែនការរបស់មន្ត្រីគឺអ៊ុតកម្រាស់៥សង់ទីម៉ែត្រ។
បើតាមមន្ត្រីជំនាញបានឲ្យដឹងថា ការងារអ៊ុតកៅស៊ូលើកំណាត់ផ្លូវសម្តេចប៉ាននេះអាចនឹងរួចរាល់នៅថ្ងៃទី១៩ខែមីនាឆ្នាំ២០២១ស្អែកនេះ ដោយក្រុមការងារបានចាប់ផ្តើមអ៊ុតកាលពីថ្ងៃទី១៧ខែមីនាឆ្នាំ២០២១កន្លងមក។
សូមបញ្ជាក់ថា គម្រោង ជួសជុលផ្លូវអ៊ុតកៅស៊ូ ប្រភេទAC កម្រាស់ ០.៥សង់ទីម៉ែត្រ ជាគម្រោង ថវិការបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលលោកតែងតែយកចិត្តទុកដាក់អំពីការងារអភិវឌ្ឍន៍មូលដ្ឋាន ក្នុងគោលបំណងលើកកម្ពស់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងមួយកម្រិតទៀត៕ ប្រភព៖ ក្រសួងព័ត៌មាន