រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ និងបុរសម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តទំនើបម៉ាកអូឌី បើកបរមិនគោរពភ្លើងស្តុប ក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូគុបជ្រុងខណៈកំពុងបើកឆ្លងផ្លូវ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២ និង១០ នាទីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០១ ស្ថិតតាមបណ្តោយមហាវិថី ព្រះនរោត្តម កែងផ្លូវលេខ២៤០ ត្រង់ចំណុចស្តុបបែកជាបួន ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញប្តីប្រពន្ធ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកគុបជ្រុង ពណ៌ទឹកប្រាក់គ្មានស្លាកលេខ ជិះតាមបណ្តោយផ្លូវលេខ២៤០ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចស្តុបបែកជាបួនដែលជាកន្លែងកើតហេតុ ដោយស្តុបរបស់គាត់គឺពណ៌ខៀវទើប គាត់ក៏បន្តដំណើឆ្លងផ្លូវ ខណៈកំពុងឆ្លងផ្លូវ ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក អូឌី (AUDi Q7 ) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AI-6888 បើកបរតាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន មិនគោរពភ្លើងស្តុប ជ្រុលទៅបុកម៉ូតូខាងលើពេញទំហឹង បណ្តាលឱ្យស្ត្រីជាប្រពន្ឋរងរបួសធ្ងន់និងប្តីរងរបួសស្រាល។ ចំណែកម៉ូតូ និង រថយន្តរងការខូចខាតបន្តិចបន្តួច។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់ចំណុចកើតហេតុ ធ្វើការសម្របសម្រួល ដោយម្ចាស់រថយន្តបានសងសំណងទឹកប្រាក់ចំនួន១០០ដុល្លារ ឱ្យម្ចាស់ម៉ូតូ ដើម្បីបញ្ចប់រឿងតែម្តង៕