រាជធានីភ្នំពេញ ៖ យុវជនម្នាក់ បានរងរបួសយ៉ាងធ្ងន់បាត់ស្មារតី និងម្នាក់ទៀតរងរបួសស្រាល ខណៈដែលពួកគេជិះម៉ូតូ១គ្រឿងតាមផ្លូវ និង១គ្រឿងទៀត ចេញពីផ្ទះមិត្តភក្តិ ហើយក៏ស្រាប់តែមានក្រុមស្ទាវមួយក្រុមទៀតមានគ្នាចំនួនជាង ១០នាក់ ជិះម៉ូតូចំនួន៥ ទៅ ៦គ្រឿង ប្រដាប់ដោយដាវសាម៉ូរ៉ៃ និងខ្សែក្រវ៉ាត់ធ្វើសកម្មភាពកាប់និងវាយគ្នាផ្អើលពេញផ្លូវ រួចនាំគ្នាជិះគេចខ្លួនបាត់អស់។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល នៅម៉ោង៤ និង៤៥នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នៅតាមបណ្តោយផ្លូវបេតុង ក្នុងបុរីសូនី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីយុវជនរងគ្រោះម្នាក់ បានប្រាប់ក្រុមការងារ TVFB បានឲ្យដឹងថា មុនពេលកើតហេតុ រូបគេបាន ជិះម៉ូតូ១គ្រឿងម្នាក់ឯង មកពីលេងផ្ទះមិត្តភក្តិ នៅម្តុំផ្សារដីថ្មី ដោយមួយគ្រឿងទៀតជិះឌុបគ្នាចំនួន ២នាក់។ លុះនាំគ្នាជិះមកដល់កន្លែងកើតហេតុ ក៏ស្រាប់តែលេចមុខក្រុមក្មេងស្ទាវមួយក្រុម មានគ្នាជាង ១០នាក់ ជិះម៉ូតូពី ៥ ទៅ ៦គ្រឿង ដោយក្នុងមួយគ្រឿងៗជិះឌុបគ្នា២នាក់ ប្រដាប់ដោយដាវសាម៉ូរ៉ៃ និងខ្សែក្រវ៉ាត់ ជិះដេញកាប់រូបគេបណ្តាលអោយរងរបួសធ្ងន់សន្លប់បាត់ស្មារតី របួសដៃនិងម្នាក់ទៀតរត់គេចរួចខ្លួនមិនរងរបួសអ្វីឡើយ។
យុវជនរូបនោះបានបន្តថា ចំណែកឯម៉ូតូម៉ាងហុងដាសេ ១២៥ ស៊េរីឆ្នាំ ២០១៨ មួយគ្រឿង និង ស៊េរីឆ្នាំ ២០១៥ មួយគ្រឿងទៀត (សរុប ២គ្រឿង) ក៏ត្រូវបានក្រុមក្មេងស្ទាវទាំងនោះនាំគ្នាកាប់បំផ្លាញបណ្តាលអោយរងការខូចខាតយ៉ាងដំណំផងដែរ ហើយក៏នាំគ្នាជិះគេចខ្លួនបាត់ស្រមោលអស់ មិនរំខានទៅដល់សមត្ថកិច្ចឡើយ។
ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្ទឹងមានជ័យ៣ ក៏បានចុះមកដល់កន្លែងកើតហេតុ ហៅរថយន្តសាមុយមកដឹកយកយុវជនរងគ្រោះទាំង ២នាក់ ទៅធ្វើការព្យាបាល។ ចំណែកយុវជនម្នាក់ទៀត និងម៉ូតូដែលរងការខូចខាតទាំង ២គ្រឿង នាំទៅកាន់ប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរជាបន្តទៀត៕ មេសា