រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាត ដោយចេតនា (ប្រើកាំបិតបុ័ងតោកាប់របួសធ្ងន់និងខូចខាត ម៉ូតូ) នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវបេតុង ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៩នឹង៣០នាទី។
មន្ត្រីនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថាជនរងគ្រោះចំនួន០៣នាក់៖ ទី១-ឈ្មោះម៉ៅ ចាន់និរុណ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ២A ផ្លូវ៣៥១ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ, ទី២-ឈ្មោះហេង សុម៉េត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ ស្នាក់នៅផ្ទះលេខ៧២ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ និងទី៣-ឈ្មោះគង់ កឹង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិវៀតណាម មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ។
ចំណែកជនសង្ស័យម្នាក់ឈ្មោះសូ សុវណ្ណរ័ត្ន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាក ស្នាក់នៅភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
មន្ត្រីនគរបាលដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះទាំង០៣នាក់ ផឹកស៊ីនៅចំណុចកើត ហេតុ ពេលនោះក៏មានជនសង្ស័យ០៩នាក់ ឈ្មោះសូ សុវណ្ណរ័ត្ន, ឈ្មោះថៃ, ឈ្មោះភា និងបក្ខពួក ០៦នាក់ទៀតមិនស្គាល់ឈ្មោះ ផឹកស៊ីនៅក្បែរនោះដែរ រួចក៏មានទំនាស់ពាក្យសម្តីគ្នា ពេលនោះពួកជនសង្ស័យក៏នាំគ្នាយកកាំបិតប៉័ងតោកាប់ និងវាយជនរងគ្រោះឈ្មោះ ម៉ៅ ចាន់និរុណ របួសបែកក្បាល-កំភួនជើងឆ្វេង, ជនរងគ្រោះឈ្មោះ គង់ កឹង របួសបែកក្បាល និងកាប់ម៉ូតូជនរងគ្រោះឈ្មោះហេង សុម៉េត ម៉ាកស្កូបពី ពណ៌ផ្កាឈូក លាយស ពាក់ផ្លាកលេខ ភ្នំពេញ ១IT-៧១១៩ បែកកុងទ័រ-ចង្កៀងខាងមុខ រួចពួកជនសង្ស័យនាំគ្នាជិៈម៉ូតូគេចខ្លួន បោះកាំបិតប៉័ងតោបាត់។ លុះដល់ថ្ងៃទី២៧ កក្កដា វេលាម៉ោង២៣នឹង០០នាទី សមត្ថកិច្ចខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សូ សុវណ្ណរ័ត្ន នៅភូមិមិតភាព សង្កាត់ ព្រែកឯង បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅសាកសសួរ។ ជនសង្ស័យប្រើប្រាស់គ្រឿងញៀន។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕ អគ្គស្នងការដ្ឋាននគរបាលជាតិ