ខេត្តត្បូងឃ្មុំ ៖ កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ និងគណៈកម្មការដុតបំផ្លាញគ្រឿងញៀនខេត្តត្បូងឃ្មុំ បានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០២១ នៅរង្វង់មូលក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ និងពិធីដុតកម្ទេចចោលនូវគ្រឿង ញៀនទទួលបានពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តចំនួន៨ រួមមាន ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តព្រះវិហារ សរុបទម្ងន់១៣៤,១៣៩.៥៤គីឡូក្រាម និងគ្រឿងញៀនប្រភេទគ្រាប់WYចំនួន៥៨គ្រាប់។
ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គ លេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋ មន្ត្រី និងជាប្រធានអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន, ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ, ឯកឧត្តម ម៉ុង មុន្នីចរិយា ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ និងឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ។
ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមគន់ សុភា អភិបាលរងខេត្តត្បូងឃ្មុំ ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តទាំង០៨ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីពាក់ព័ន្ធ។
ឯកឧត្តម ឡុង ហុកម៉េង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការដុតបំផ្លាញគ្រឿងញៀន សាលាដំបូងខេត្តត្បូងឃ្មុំ បានអានរបាយការណ៍សង្ខេបអំពីទិន្នន័យសំណុំរឿង និងវត្ថុតាងជាគ្រឿងញៀនប្រភេទជាម្សៅក្រាម សរុបទម្ងន់សរុប ១៣៤, ១៣៩.៥៤ក្រាម (មួយរយសាមសិបបួនពាន់មួយរយសាមសិបប្រាំបួន កណ្ដក់សញ្ញាហាសិបបួនក្រាម) និងគ្រឿងញៀនប្រភេទគ្រាប់ WY ចំនួន ៥៨គ្រាប់ ទទួលបានពីខេត្តទាំង០៨ ដែលត្រូវដុតបំផ្លាញនាឳកាសនោះ រួមមាន៖
១.សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ មានសំណុំរឿងគ្រឿងញៀនចំនួន៣៤៧ ដែលមានគ្រឿងញៀនប្រភេទជាម្សៅក្រាមសរុប ទម្ងន់១,៥១៤.៦៦ក្រាម
២.សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម មានសំណុំរឿងចំនួន៧២ ដែលមានគ្រឿងញៀនប្រភេទជាម្សៅក្រាមសរុបទម្ងន់ ២,៣៧៨.៥ ក្រាម
៣.សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ មានសំណុំរឿងចំនួន៨៤ ដែលមានគ្រឿងញៀនប្រភេទជាម្សៅក្រាមសរុប ទម្ងន់ ៣,៣៣៣.៥៩ ក្រាម និងថ្នាំញៀនប្រភេទ គ្រាប់ WY ចំនួន៥៨ គ្រាប់
៤.សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តក្រចេះ មានសំណុំរឿងចំនួន ១១៤ ដែលមានគ្រឿងញៀនប្រភេទជាម្សៅក្រាមសរុប ទម្ងន់ ៤,៤៣៨.១ក្រាម
៥.សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង មានសំណុំរឿងចំនួន ៦៥ ដែលមានគ្រឿងញៀនប្រភេទជាម្សៅក្រាមសរុប ទម្ងន់ ១១៣,២៩១.៨៤ ក្រាម
៦.សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តរតនគិរី មានសំណុំរឿងចំនួន ១៣៩ ដែលមានគ្រឿងញៀនប្រភេទជាម្សៅក្រាមសរុប ទម្ងន់ ១,៣៦២.៥៣ ក្រាម
៧.សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី មានសំណុំរឿងចំនួន ២៧ ដែលមានគ្រឿងញៀនប្រភេទជាម្សៅក្រាមសរុប ទម្ងន់ ៥៨៦.២០ក្រាម
៨.សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ មានសំណុំរឿងចំនួន ២២ សំណុំរឿង ដែលមានគ្រឿងញៀនប្រភេទជាម្សៅក្រាមសរុប ទម្ងន់ ៧,២៣៤.១២ក្រាម។
បន្ទាប់មក គណៈអធិបតី និងអ្នកចូលរួម បានធ្វើការដុតកម្ទេចចោលគ្រឿងញៀនទាំងអស់ ដែលជាវត្ថុតាង បន្ទាប់ពីកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងអយ្យការ អមសាលាដំបូងទាំង០៨ខេត្ត បានសហការគ្នាបង្ក្រាបបានផងដែរ។
សូមជម្រាបថា បរិមាណគ្រឿងញៀនជាច្រើនសន្ធឹកសន្ធាប់ខាងលើនេះ គឺពួកឧក្រិដ្ឋជនបានយកគ្រឿងញៀន ធ្វើជាមុខរបរជំនួញ ហើយគ្រឿងញៀននេះបានពង្វក់ស្មារតីអូសទាញ ដល់ជនស្លូត ត្រង់ភាគច្រើនជាយុវវ័យ ឲ្យប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់បណ្តាលឲ្យខូចសុខភាព និង ឈានរហូតដល់ប្រព្រឹត្តបទល្មើស ជាអាទិ៍ អំពើឃាតកម្ម ចាប់ជំរិត រំលោភសេពសន្ថវៈ លួច ឆក់ ប្លន់ទ្រព្យសម្បត្តិ បង្កើតជាក្រុមបងតូចបងធំ ប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ បង្កភាពអសន្តិសុខ និងធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងសង្គមជាតិផងដែរ ។
ចំណែកសមត្ថកិច្ចទាំងអស់ ទាំងមន្ត្រីនគរបាលយុត្តិធម៌ អាជ្ញាធរមូលដ្ឋាន ព្រមទាំងសា្ថប័ន តុលាការ បានខិតខំយកចិត្តទុកដាក់អនុវត្តវិធានការច្បាប់ដោយមិនយោគយល់ ឬអត់ឱនដល់ជន ទាំងឡាយណាដែលបានប្រព្រឹត្តបទល្មើសទាំងអស់នេះជាដាច់ខាត ហើយបរិមាណគ្រឿងញៀន ដ៏ច្រើននេះ ប្រសិនបើសមត្ថកិច្ចបង្ក្រាបមិនទាន់ពេលវេលាទេនោះ វានឹងបង្កផលប៉ះពាល់ ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ ជាពិសេសអនាគតយុវវ័យដែលជាទំពាំងស្នងឫស្សីរាប់ពាន់ម៉ឺន នាក់ជាក់ជាមិនខានឡើយ "ត្រូវនិយាយថាទេចំពោះគ្រឿងញៀន, គ្រឿងញៀនបំផ្លាញអនាគតខ្លួន គ្រួសារ និងសង្គមជាតិទាំងមូល"៕