មិត្តស៊ីមិត្ត! លួចម៉ូតូគេយកទៅដាក់បញ្ចាំបានលុយ១៥០ដុល្លារ គេចខ្លួនជិត១ខែ ម្ចាស់ឃើញចាប់ខ្លួនបានឲ្យទៅចង្អុលហាងបញ្ចាំ ផ្អើលទាំងយប់ !!
សន្តិសុខសង្គម
354

រាជធានីភ្នំពេញ ៖ ផ្អើលខ្លាំងទាំងយប់តែម្តង ខណៈយុវជន២នាក់ បានឃើញជនសង្ស័យម្នាក់ដែលជាមិត្តភក្តិនឹងគ្នា ហើយបានស៊ីដាច់ម៉ូតូរបស់ខ្លួន យកទៅដាក់បញ្ចាំ ជិត១ខែទៅហើយនោះ ទើបតែដេញចាប់បាន និងឲ្យជនសង្ស័យនោះមកចង្អុលកន្លែងដាក់បញ្ចាំម៉ូតូរបស់ខ្លួន កាលពីវេលាយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នៅផ្លូវ២៤៧ ក្នុងសង្កាត់ទឹកល្អកទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហ៊ីម រតនា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងសង្កាត់ស្រះចក ។

ក្នុងនោះ បើតាមការលើកឡើងរបស់យុវជនម្នាក់ ឈ្មោះ លី សារិទ្ធ ដែលអះអាងថាខ្លួនជាម្ចាស់ម៉ូតូ និងជាជនរងគ្រោះ បានឲ្យដឹងនៅកន្លែងកើតហេតុថា

ខ្លួននិងជនសង្ស័យរូបនេះ គឺជាមិត្តភក្តិនឹងគ្នា ។ ក្នុងនោះ កាលពីយប់ថ្ងៃទី៩ ខែ កក្កដា ឆ្នាំ២០២១ កន្លងទៅ ពួកគេបានជិះម៉ូតូNex2 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1HT-9212 ដើរលេងជាមួយគ្នា ហើយក៏ចូលទៅដេកក្នុងផ្ទះសំណាក់មួយកន្លែង ម្តុំផ្លូវភ្លោះអូរឫស្សី សង្កាត់បឹងព្រលិត ខណ្ឌ៧មករា លុះពេលខ្លួនដេកលក់ ស្រាប់តែលួចម៉ូតូជិះរត់បាត់តែម្តង។

យុវជនរូបនោះបន្តទៀតថា ក្រោយកើតហេតុ ខ្លួនបានតាមរកជនសង្ស័យរូបនេះរហូត មកទល់នឹងយប់ថ្ងៃទី២៨ ខែកក្កដា ក៏ឃើញជនសង្ស័យដែលជាមិត្តរបស់ខ្លួននេះ នៅម្តុំអូរឫស្សី ទើបឃាត់ខ្លួនហើយ ជនសង្ស័យរូបនោះ បាននិយាយថា ខ្លួនបានបានម៉ូតូមិត្តភក្តិ ដែលខ្លួនលួចនេះ ទៅលក់នៅហាងបញ្ចាំមួយកន្លែង តាមបណ្ដោយផ្លូវ២៧៤ ក្នុងសង្កាត់ទឹកល្អកទី៣ ខណ្ឌទួលគោក បានតម្លៃ ១៥០ដុល្លារ ទើបខ្លួនជាម្ចាស់ម៉ូតូឲ្យជូនទៅចង្អុលកន្លែងដែលយកម៉ូតូទៅបញ្ចាំ ក៏បង្កការភ្ញាក់ផ្អើលតែម្តង។

បន្ទាប់ពីកើតហេតុភ្លាមៗ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ បាននាំខ្លួនជនសង្ស័យខាងលើ យកទៅសាកសួរនៅប៉ុស្តិ៍ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕


Telegram