រាជធានីភ្នំពេញ៖ បុរសជាជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចឲ្យចាត់ការបន្ត បន្ទាប់ពីលួចទូរស័ព្ទដៃរបស់នារីម្នាក់ បានសម្រេច តែគេចខ្លួនមិនផុត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២១ នៅចំណុចក្បែរផ្សារសូរិយាម៉ល លើផ្លូវលេខ៥៣ ក្នុងសង្កាត់ផ្សារថ្មីទី៣ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។
ជនសង្ស័យ ខាងលើមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា មានមុខរបរនិងកន្លែងស្នាក់នៅមិនពិតប្រាកដ ព្រោះសមត្ថកិច្ចកំពុងសាកសួរ។
តាមប្រភពព័ត៌មានពីនារីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា កាលពីវេលាម៉ោងប្រមាណជាង៦ល្ងាច នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នារីរងគ្រោះបានចតម៉ូតូនៅមុខហាងមួយកន្លែង ដោយភ្លេចទូរស័ព្ទដៃនៅឃ្លុប ម៉ូតូខាងមុខ ខណៈនោះជនសង្ស័យខាងលើ បានដើរមកអង្គុយលើម៉ូតូនារីរងគ្រោះ ហើយនារីរងគ្រោះគិតស្មានតែចោរលួចកាច់.កម៉ូតូ ក៏ដើរចេញតាមមកមើល ប៉ុន្តែជនសង្ស័យនោះក៏បានដើរចេញទៅបាត់ទៅ ភ្លាមៗនោះនារីរងគ្រោះបានដើរមករកម៉ូតូវិញក៏ស្រាប់តែបាត់ទូរស័ព្ទដៃតែម្តង។ រហូតមកដល់វេលាម៉ោងប្រមាណជាង១២ថ្ងៃត្រង់ ចំណុចទីតាំងកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យដើរមកម្ដុំផ្សារថ្មីតាមបណ្ដោយផ្លូវលេខ៥៣នេះ នារីរងគ្រោះប្រទះឃើញក៏ស្រែកឆោឡោ ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាស្ទាក់ឃាត់ខ្លួនបានសម្រេច រួចស្វាគមន៍យ៉ាងកក់ក្តៅដល់ជនសង្ស័យម្នាក់មួយដៃមួយជើងទ្រោមខ្លួន ទើបរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល ផ្សារថ្មីទី៣ ដើម្បីមកនាំខ្លួន។
បច្ចុប្បន្ននារីគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ផ្សារថ្មី៣ ។ រីឯជនសង្ស័យត្រូវកំពុងសាកសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕