ខេត្តកណ្តាល ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន ក្រោយទាស់ពាក្យសម្តីគ្នាជាមួយប្រពន្ធ និងសោរទ្វារបង ធាត់ផង កាប់ផងទៅលើក្បាល និងដងខ្លួនប្រពន្ធ រងរបួសដេរ ១៥០ថ្នេរ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នៅ ភូមិទួលលាប ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធមានអាយុ២៤ឆ្នាំ រងរបួសក្បាលផ្នែកខាងក្រោយចំនួន០៤កន្លែង និងរងរបួសដៃខាងស្ដាំចំនួន០១កន្លែង ដេរសរុបចំនួន១៥០ថ្នេរ។ ចំណែកជនសង្ស័យជាប្តីមានឈ្មោះ យ៉ុង សុវណ្ណរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិត នៅភូមិទួលលាប ឃុំព្រៃពួចស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) ។ ដកហូតបាន កាំបិតចុងស្រួចចំនួន០២ដើម។
សូមបញ្ជាក់ថា មុនពេលកើតហេតុ ជនសង្ស័យជាមនុស្សមានជំងឺសតិអារមណ៍ រហូតដល់ថ្ងៃ កើតហេតុ ជនសង្ស័យ និងជនរងគ្រោះ(ជាប្ដីនឹងប្រពន្ធ) បាននៅផ្ទះជាមួយគ្នា ។ បន្ទាប់មកជនសង្ស័យបានសុំជនរងគ្រោះយកសោទ្វាររបងផ្ទះដើម្បីចាក់សោទ្វារហើយចេញទៅរកម្ដាយនៅកន្លែងធ្វើការងារ ដោយជនរងគ្រោះមិនព្រមឲ្យកូនសោទ្វារ ទើបជនសង្ស័យខឹងក៏ស្រែកឡូឡារករឿង ហើយបានទាត់ជនរងគ្រោះចំនួន០៣ជើង។
បន្ទាប់មក ជនសង្ស័យក៏បាន ទាញយកកាំបិតមកកាប់លើក្បាលជនរងគ្រោះចំនួន០៤កាំបិត និងកាប់ចំដៃស្ដាំចំនួន០១កាំបិត បណ្ដាលឲ្យរងរបួសដេរចំនួន១៥០ថ្នេរ ។ ក្រោយពីជនសង្ស័យធ្វើសកម្មភាពរួចហើយ បានផ្លោះតាមរបងខាងក្រោយផ្ទះរត់ទៅអង្គុយកណ្ដាលវាលស្រែ ។
ក្រោយពីសមត្ថកិច្ចទទួលព័ត៌មានពីគ្រួសារជនរងគ្រោះ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានរកឃើញជនសង្ស័យនៅអង្គុយកណ្ដាលវាលស្រែ បានយកកាំបិតចាក់ពោះខ្លួនឯងចំនួន០២កាំបិតដេរចំនួន០៧ថ្នេរ ហើយសមត្ថកិច្ចចូលទៅឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងដើម្បីបញ្ជូនទៅមន្ទីរពេទ្យព្យាបាល និងសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕