រាជធានីភ្នំពេញ ៖ នាយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកម្លាំងចុះល្បាតតាមគោលដៅត្រួតពិនិត្យវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ការចុះត្រួតពិនិតនាពេលនេះ គឺសម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក្នុងអំឡុងពេលដាក់ចេញវិធានការរដ្ឋបាល ត្រូវបានអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្ដោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង២១ ដល់ម៉ោង៣ភ្លឺ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមសេចក្ដីសម្រេចលេខ ២៤៩/២១ សសរ របស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ។
សូមបញ្ជាក់ថា ប្រការ៤ នៃសេចក្ដីសម្រេចលេខ ២៤៩/២១ សសរ របស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានសម្រេច ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬ អាជីវកម្ម នៅចន្លោះម៉ោង ២១ (ម្ភៃមួយ) ដល់ម៉ោង ៣ (បី) លើកលែងតែក្នុងករណី ដូចតទៅ៖
- ការធ្វើដំណើររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលមានសមត្ថកិច្ច ដោយត្រូវភ្ជាប់ជាមួយនូវលិខិតបញ្ជាបេសកកម្ម
- ការធ្វើដំណើររបស់ជនបរទេសដែលជាមន្ត្រីការទូត មន្ត្រីបុគ្គលិកនៃស្ថានតំណាងបរទេស ទីភ្នាក់ងារអង្គការ សហប្រជាជាតិ និងដែលជាមន្ត្រីរបស់អង្គការហិរញ្ញវត្ថុអន្តរជាតិ ដោយមានភ្ជាប់ជាមួយ នូវឯកសារបញ្ជាក់អំពីអត្តសញ្ញាណនឹងការងារ និងអាចអមដោយអ្នកបើកបររថយន្តជាជនជាតិខ្មែរ
- ការធ្វើដំណើររបស់អ្នកសារព័ត៌មាន ដោយមានភ្ជាប់ជាមួយនូវឯកសារបញ្ជាក់អំពីអត្តសញ្ញាណនិងការងារ ព្រមទាំងមានលិខិតអនុញ្ញាតសម្រាប់ការធ្វើដំណើរពីក្រសួងព័ត៌មាន
- ការធ្វើដំណើររបស់អ្នកដំណើរតាមផ្លូវអាកាសទៅអាកាសយានដ្ឋាន ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណ និងឯកសារពាក់ព័ន្ធនឹងការធ្វើដំណើរ។ ចំពោះការធ្វើដំណើររបស់អ្នកដំណើរតាមផ្លូវអាកាសចេញពីអាកាសយានដ្ឋាន ត្រូវអនុវត្តតាមវិធានផ្នែកសុខាភិបាលជាធរមាន
- ការធ្វើដំណើររបស់មន្ត្រី និងបុគ្គលិកផ្នែកប្រតិបត្តិការដែលបម្រើការងារនៅអាកាសយានដ្ឋាន ដោយត្រូវ ភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណ និងលិខិតបញ្ជាបេសកកម្ម ឬលិខិតអនុញ្ញាតធ្វើដំណើរ របស់រដ្ឋបាលរាជធានីភ្នំពេញ
- ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ ឬ មូលហេតុបន្ទាន់ក្នុងគ្រួសារ ប៉ុន្តែ មិនឱ្យលើសពី សមាជិក ៤ នាក់
- ការធ្វើដំណើរដើម្បីត្រឡប់ទៅលំនៅឋាន ឬ ទីសំណាក់របស់ខ្លួនវិញរបស់បុគ្គលដែលបានបញ្ចប់ការធ្វើ ចត្តាឡីស័ក និងអ្នកជំងឺចេញពីមន្ទីរពេទ្យ ឬ កន្លែងសម្រាកព្យាបាល
- ការដឹកជញ្ជូនទំនិញ-សម្ភារៈ និងគ្រឿងឧបភោគបរិភោគគ្រប់ប្រភេទ ប៉ុន្តែ មិនឱ្យលើសពីសមាជិក២ នាក់ និងមិនត្រូវប្រមូលផ្ដុំគ្នឡើយ - ការដឹកជញ្ជូនទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ
- សេវាសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាល ទាំងរដ្ឋ និងឯកជន
- ឱសថស្ថាន
- សេវាពន្លត់អគ្គិភ័យ
- សេវាផ្គត់ផ្គង់អគ្គីសនី និងទឹកស្អាត
- សេវាបម្រើប្រតិបត្តិការផ្នែកទូរគមនាគមន៍ - ទីតាំងផលិតគ្រឿងឧបភោគបរិភោគ និងទំនិញយុទ្ធសាស្ត្រដែលបម្រើឱ្យការប្រយុទ្ធនិងទប់ស្កាត់ជំងឺកូវីដ-១៩
- ទីតាំងផលិតនិងផ្គត់ផ្គង់ឱសថ អាល់កុល អុកស៊ីហ្សែន័ និងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រផ្សេងទៀត
- ស្ថានីយ៍ប្រេងឥន្ធនៈ-ហ្គាស
- សេវាសណ្ឋាគារ និងផ្ទះសំណាក់
- ការបំពេញកាតព្វកិច្ចដែលបម្រើផលប្រយោជន៍សាធារណៈ
- ករណីចាំបាច់ និងសេវាសាធារណៈចាំបាច់ដទៃទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
ក្រៅពីករណីលើកលែងដូចបានកំណត់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញ នឹងពិនិត្យសម្រេចចំពោះការធ្វើ ចរាចរណ៏ និងសកម្មភាព ការងារ មុខរបរ ឬ អាជីវកម្មផ្សេងទៀត ទៅតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្តែង ដោយអនុលោម តាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ៕