រាជធានីភ្នំពេញ ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែក្រោម បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទូរស័ព្ទដៃ នៅចំណុចក្នុងផ្ទះជួល ផ្លូវបេតុង ភូមិ ទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុក ចំរើន ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិទួលរកា១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ អ្នកដឹកជញ្ជូនឥវ៉ាន់អនឡាញ។
ចំណែកជនសង្ស័យឈ្មោះ ង្វៀង យុំាងពៅ ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិ វៀតណាម ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។
ក្នុងនោះសមត្ថកិច្ចដកហូតបាន ទូរស័ព្ទដៃ០១គ្រឿង ម៉ាកអូប៉ូ ពណ៌ទឹកមាស ជារបស់ជនរងគ្រោះ។ ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់ឲ្យជនងគ្រោះវិញតាមការស្នើសុំ។
សូមបញ្ជាក់ថា នៅម៉ោង០៤និង៤០នាទីទៀបភ្លឺ នៅចំណុចកើតហេតុ ជនរងគ្រោះបានខ្ទប់ទ្វារផ្ទះ ដោយពុំបានចាក់សោរ ហើយបើកម៉ូតូដឹកប្រពន្ធទៅកន្លែងធ្វើការនៅហាងសាំងកាល់តិច ពេលត្រឡប់មកវិញស្រាប់តែឃើញ ជនសង្ស័យ កំពុង ធ្វើសកម្មភាពលួចយកទូរស័ព្ទរបស់ខ្លួន ដែលដាក់សាកថ្មនៅក្នុងផ្ទះ។ ឃើញដូចនោះជនរងគ្រោះក៏បានស្រែកឆោឡោរ និងឃាត់ខ្លួនជនសង្ស័យយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ចាក់អង្រែក្រោម ធ្វើការសាកសួរ និងដាក់ពាក្យបណ្តឹង។
ចំណែកជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕