រាជធានីភ្នំពេញ ៖ ហាក់បីដូចជាផ្គើន មិនគោរពតាមសេចក្តីសម្រេចទាល់តែសោះ ដោយមនុស្សមួយក្រុម បាននាំគ្នាជួបជុំផឹកគ្រឿងស្រវឹង មិនខ្លាចឆ្លងនូវជំងឺកូវីដ១៩ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ចុះធ្វើការឃាត់ខ្លួនកាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ។
ក្នុងការចុះទៅបង្ក្រាបនេះ កម្លាំងល្បាត របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ ដោយបានចុះទៅធ្វើការឃាត់ខ្លួនមនុស្សមួយក្រុម ដែលកំពុងជួបជុំពិសារគ្រឿងស្រវឹងចំនួន០៨នាក់ ក្នុងនោះមានស្រីម្នាក់ នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
ការឃាត់ខ្លួននេះ គឺដោយដោយសារបុគ្គលខាងលើ មិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលដាក់ចេញវិធានការរដ្ឋបាល១៤ថ្ងៃ ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
បច្ចុប្បន្នមនុស្សទាំង៨នាក់ រួមនិងម៉ូតូ០៤គ្រឿង ត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕ រដ្ឋបាលខណ្ឌសែនសុខ