រាជធានីភ្នំពេញ ៖ ក្រុមអ្នកញៀនល្បែង៥នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ឃាត់ខ្លួនបន្ទាប់ពីបើក និងលេងល្បែងស៊ីសងបាញ់ និងចាក់អាប៉ោងដោយប្រមូលផ្តុំគ្នាមិនខ្លាចពីកូវីដ១៩ កាលពីវេលាម៉ោងប្រមាណ៣និង៣០នាទីរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នៅចំនុចផ្លូវលំភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ ។
ប្រភពព័ត៍មានថាក្រុមអ្នកញៀនល្បែងដែលត្រូវឃាត់ខ្លួន ១.ឈ្មោះឃិត សុខាំង ភេទប្រុសអាយុ៦៤ឆ្នាំ មុខរបរដើរបាញ់អាប៉ោងនៅផ្ទះ ស្នាក់នៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ (អ្នកបើក), ២.ឈ្មោះ ខាត់ សំរេច ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរកម្មករ ជាអ្នកចាក់, ៣.ឈ្មោះ ងួន វ៉ាន់ឌី ភេទប្រុសអាយុ៥៦ឆ្នាំ ជាអ្នកចាក់, ៤.ឈ្មោះ ព្រុំ រស្មី ភេទប្រុស អាយុ៣៧ឆ្នាំ មុខបរកម្មករ អ្នកចាក់ និង៥.ឈ្មោះ លឹម ចាន់ណា ភេទស្រី អាយុ២៥ឆ្នាំ ជាអ្នកចាក់ ។
ប្រភពបន្តថាទីតាំងខាងលើបានបើកបាញ់អាប៉ោងជាយូរមកហើយដោយមានឈ្មោះ ឃិត សុខាំងជាមេបាញ់អាប៉ោងអាជីព ។
សេចក្តីរាយការមកថាក្រុមអ្នកញៀនល្បែងបានមកប្រមូលផ្តុំគ្នាបាញ់និងចាក់អាប៉ោង (អាចោរជើង១) ដោយពុំគិតពីសុវត្ថិភាពឆ្លងមេរោគកូវីដឡើយ ។ ខណៈពេលដែលកំពុងតែលេងចាក់លុយអ៊ុតអាប៉ោង ស្រាប់តែសមត្ថកិច្ច នគរបាលខណ្ឌឬស្សីកែវ បានចុះទៅដល់ធ្វើឲ្យក្រុមអ្នកញៀនល្បែងរត់ចែកជើងគ្នា តែនៅសល់៥នាក់ ក្នុងនោះមានស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។
តាមសមត្ថកិច្ចអោយដឹងថា សម្ភារដកហូតរួមមាន ៖ មេអាប៉ោងចំនួន១,ផ្តិល គ្របចំនួន១,ចានបាញ់អាប៉ោងចំនួន១,ប្រាក់ចំនួន៧០០០០រៀល។ក្រុមអ្នកលេងល្បែងត្រូវបាននគរបាលបញ្ចូនទៅកាន់អធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីសាកសួរ និងចាត់ការតាមច្បាប់ ៕