ខេត្តព្រះសីហនុ ៖ តាមរយៈនៃការដាក់ចេញវិធានការរដ្ឋបាលដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ យើងសង្កេតឃើញថាមានបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ ភាគច្រើនបំផុត បានគោរព និងចូលរួមអនុវត្តបានយ៉ាងត្រឹមត្រូវ។ ជាមួយគ្នានេះ ក៏មានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចនៅមិនទាន់អនុវត្តតាមខ្លឹមសារនៃសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តបានត្រឹមត្រូវនៅឡើយ ហើយត្រូវបានក្រុមការងារអនុវត្តនីតិវិធី ពិន័យអន្តរការ បានបន្តធ្វើការអប់រំ និងដាក់វិធានការផាកពិន័យផងដែរ ក្នុងនោះបានពិន័យអ្នកបំពានល្មើសបំរាមគោចរ មានចំនួន០៦ ករណី មនុស្ស១០នាក់៖ (-ល្មើសបំរាមគោចរ៖០៣ករណី មនុស្ស ០៤នាក់។ -មិនពាក់ម៉ាស់៖០៣ករណី មនុស្ស០៦នាក់។) និងបានអប់រំនៅនឹងកន្លែង មានចំនួន០៩ករណី មនុស្ស១៩នាក់។
រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសារធារណជនទាំងអស់ សូមចូលរួមសហការគាំទ្រ ដល់ដំណើរការនៃការដាក់ចេញវិធានការរដ្ឋបាលដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ឱ្យទទួលបានជោគជ័យ ដើម្បីសំដៅកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង៕