ខេត្តកំពង់ស្ពឺ ៖ យោងតាមផេកផ្លូវការរបស់អង្គការ CPU ដែលបង្ហោះនៅវេលាម៉ោង២ និង៤៣នាទីរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ករណីកុមារីអាយុ១២ឆ្នាំ ធ្វើអត្តឃាត ត្រូវបានសមត្ថកិច្ចបើកការស៊ើបអង្កេតជាករណីឃាតកម្ម ខណៈក្រុមការងារចម្រុះត្រូវបានបង្កើតឡើង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៧ និង៣០នាទី នៅក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ឪពុកម្តាយរបស់ជនរងគ្រោះ បានត្រលប់មកផ្ទះ ហើយរាយការណ៍ថាបានប្រទះឃើញសាកសពកូនស្រី បន្ទាប់ពីបានធ្វើអត្តឃាតខ្លួន ចងកសម្លាប់ខ្លួន។
កម្លាំងសមត្ថកិច្ចបានទទួលដំណឹងនេះ ហើយបានចុះពិនិត្យកន្លែងកើតហេតុដោយសហការជាមួយ ការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។ ការសង្ស័យមួយចំនួនត្រូវបានលើកឡើង ពាក់ព័ន្ធជាមួយស្ថានភាពសាកសពពេលដែលរកឃើញ និងមូលហេតុនៃការស្លាប់ ខណៈអង្គភាពការពារកុមារ (CPU) បានទទួលដំណឹង ហើយកន្លែងកើតហេតុត្រូវបានកំណត់ ហ៊ុព័ទ្ធ និងការពារ នៅចំណុចកើតហេតុនោះ។
ជាក់ស្តែង នាពេលព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសនិងវិទ្យាសាស្រ្ត (FST) បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ហើយចូលរួមពិនិត្យកោសល្យវិច័យកន្លែងកើតហេតុ និងសាកសព។
ជាលទ្ធផល ក្រុមការងារចម្រុះ HOTEL21 ត្រូវបានបង្កើតឡើង ដើម្បីធ្វើការស៊ើបអង្កេត ទៅលើករណីឃាតកម្មនៃកុមាររងគ្រោះ ហើយភ័ស្តុតាងជាក់ស្តែងនៅកន្លែងកើតហេតុ និងនៅលើសាកសពបានបង្ហាញ ថា នេះមិនមានជាអំពើអត្តឃាត ចងកសម្លាប់ខ្លួននោះទេ តែជាករណីឃាតកម្ម ពេលនេះសមត្ថកិច្ចជំនាញកំពុងធ្វើការបន្ត ៕