រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានយកកាំបិតចិតខ្សែភ្លើង ថ្ពក់នឹងចរន្តអគ្គិសនី ដើម្បីឆក់ត្រី អកុសល បែរជាឆក់ស្លាប់ក្រោមបង្គោលភ្លើងតែម្តង កាលពីវេលាម៉ោង ៦និង៣០នាទី ព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ នៅចំណុចក្រោមបង្គោលភ្លើង ក្នុងបុរីមួយកន្លែង ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះដែលស្លាប់មានឈ្មោះ ញូង លិន ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិអង្គរបាន ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេល កើតហេតុ សន្តិសុខយាមបុរីម្នាក់ បានជិះម៉ូតូមើលក្នុងភូមិសាស្ត្ររបស់ខ្លួន ស្រាប់តែប្រទះឃើញបុរសម្នាក់បានស្លាប់នៅក្រោមបង្គោលភ្លើង និងមានខ្សែភ្លើងរាយសម្រាប់ឆក់ត្រី នៅស្រះក្បែរនោះ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចតែម្តង ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យទៅសពបានឲ្យដឹងថា បើតាមសភាពជនរងគ្រោះ គឺដំបូងឡើយបានរៀបចំរាយខ្សែភ្លើង ដើម្បីឆក់ត្រីនៅស្រះទឹកក្បែរនោះ ហើយឡើងលើបង្គោលភ្លើង យកកាំបិតចិតខ្សែភ្លើង ដើម្បីថ្ពក់ ក៍ត្រូវចរន្តអគ្គីសនី ឆក់ធ្លាក់ស្លាប់តែម្តង និងបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ មេសា