រាជធានីភ្នំពេញ ៖ លោកវរសេនីយ៍ឯកព្រហ្មយ៉ននាយការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះបានដឹកនាំមន្ត្រីជំនាញមាន លោកនាយរងការិយាល័យចុះទៅធ្វើការស្រាវជ្រាវលើករណីអគ្គិភ័យឆាបឆេះឃ្លាំងទុករថយន្តក្រុងរបស់ក្រុមហ៊ុនដឹកជញ្ជូន «វិរះប៊ុនថាំ » ស្ថិតនៅដីឡូតិ៍គ្មានលេខផ្លូវលំភូមិ៣សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ២០២១ នេះដោយនៅក្នុងហេតុការណ៍មួយនេះបានបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់និងរថយន្តក្រុង ២៣ គ្រឿងត្រូវ អគ្គិភ័យឆេះបំផ្លាញសរុបគិតជាទឹកប្រាក់ ១,៥ លានដុល្លារ ។
លោកវរសេនីយ៍ឯកព្រហ្មយ៉ននាយការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាន ប្រាប់ឲ្យដឹងថាដើមចមនៃការឆេះរហូតដល់មានមនុស្សស្លាប់គឺបណ្តាលមកពីការឆ្លងចរន្តិអគ្គិសនី ។
លោកវរសេនីយ៍ឯកនាយការិយាល័យបង្ការពន្លត់អគ្គិភ័យបានបន្តថាជនរងគ្រោះដែលស្លាប់នៅក្នុងហេតុការណ៍ខាងលើនេះមានឈ្មោះលឹមចន្ធរិទ្ធភេទប្រុសអាយុ ២៤ ឆ្នាំមុខរបរអតីតបុគ្គលិកក្រុមហ៊ុន « វិរះប៊ុនថាំ » ដែលមានស្រុកកំណើតនៅភូមិស្វាយទង ស្រុកកំពង់ត្រាចខេត្តកំពត ។
គួរបញ្ជាក់ផងដែរថាកាលពីវេលាម៉ោង ៣ និង ៣០ នាទីរសៀលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២១ ដោយមានករណីអគ្គិភ័យ ឆាបឆេះឃ្លាំងទុករថយន្តក្រុងរបស់ក្រុមហ៊ុនដឹកជញ្ជូន « វិរះប៊ុនថាំ » ស្ថិតនៅដីឡូតិ៍គ្មានលេខផ្លូវលំភូមិ ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ។
បើតាមលោកវរសេនីយ៍ឯកព្រហ្មយ៉នក្នុងហេតុការណ៍នេះមិនបណ្តលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយហើយសម្រាប់ ប្រតិបត្តិការសង្គ្រោះវិញសមត្ថកិច្ចប្រើប្រាស់រថយន្ដ ៣៥ គ្រឿងដោយប្រើប្រាស់ទឹកអស់ ៩១ ឡាន ។
ក្នុងនោះរួមមាន ៖ រថយន្តការិយាល័យអគ្គិភ័យចំនួន ២១ គ្រឿងប្រើប្រាស់ទឹកអស់ចំនួន៦៣ ឡានស្មើនឹង ២៥០ ម៉ែត្រគូប ។
រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម ៖ រថយន្តក្រសួងមហាផ្ទៃចំនួន ០២ គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០៤ ឡាន សើ្មនឹង ២៤ ម៉ែត្រគូប , រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន ១០ គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ២០ ឡានសើ្មនឹង ៨០ ម៉ែត្រគូប និងរថយន្តទីក្រុងអូរឡាំព្យា ចំនួន ០២ គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០៤ ឡានសើ្មនឹង ១៦ ម៉ែត្រគូប ៕ អគ្គស្នងការដ្ឋាននគរបាលជាតិ